កីឡា

លោក ធុល នាង ៖ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាព សប្បុរសធម៌ ធ្វើឡើង ដើម្បីជួយស្រី្តរងគ្រោះ ដោយសារអគី្គភ័យ នៅស្រុកពញាឮ

ខេត្តកណ្តាល៖ លោក ធុល នាង ប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាព សប្បុរសធម៌ លើកទី៨ ឆ្នាំ២០២៤ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមពិធីចាប់ឆ្នោតចែកពូល និងប្រជុំបច្ចេកទេស ជាមួយក្រុមទំាង៤ នៅសាលប្រជុំ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកណ្ដាល ។

លោក ធុល នាង បានមានប្រសាសន៍ ក្នុងកម្មវិធីចាប់ឆ្នោតបែកចែកក្រុម នៃពានរង្វាន់សប្បុរសធម៌ថា ការប្រកួតនេះមានក្រុមចំនួន ៤ ក្រុមមកពី បណ្តាលរាជធានី-ខេត្ត រួមមានខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ និងធ្វើការប្រកួតនាថ្ងៃអាទិត្យ ទី២៤ មីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានកីឡដ្ឋានស្តាតចាស់ ( Live) បន្តផ្ទាល់ TV5 ។

ព្រឹត្តិការណ៍បាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណង រៃអង្គាសថវិកា សម្រាប់ជូនដល់ស្ត្រី ដែលរងគ្រោះ ដោយសារអគី្គភ័យ និងកូនរបស់គាត់កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ក៏ជាគ្រួសារមួយមានភាពលំបាក ដូច្នេះ លោកបង្កើតការប្រកួត កីឡាបាល់ទាត់ពានរង្វាន់មិត្តភាព សប្បុរសធម៌លើកទី៨នេះឡើង ។

លោកបានបន្តថា សប្បុរសធម៌ទំាងអស់ អាចចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមចិត្តតាមរយៈពេលផេតរបស់ក្រុមទំាង ៤ និងគណៈកម្មការរៀបចំការប្រកួត ព្រមទំាងការប្រកួតនាថ្ងៃអាទិត្យ ទី២៤ មីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានកីឡដ្ឋានស្តាតចាស់ ។ ការប្រកួតនេះតឹ្រមតែសប្បុរសធម៌ប៉ុណ្ណោះទេ និងចង់លើកស្ទួយកីឡាមានការរីកចម្រើនកាន់តែខ្លាំងឡើង និងដើម្បីឲ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួម ប្រកួតឲ្យបានផុលផុស ព្រមទំាងបង្កើនទឹកចិត្ត យុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។

ក្រុមកីឡាករបានដាក់ពាក្យ ចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡា ដោយហ៊ានទទួលយកលទ្ធផល ទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញ ឲ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ និងចំណីចក្ខុដល់អ្នកមកទស្សនាផ្ទាល់ ។

Most Popular

To Top