កីឡា

អ្នកប្រដាល់ជើងខ្លាំងថៃ Extra ចាញ់ដោយពិន្ទុ សោម ពិសិដ្ឋការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស

ភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងថៃ Extra ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា សោម ពិសិដ្ឋ ក្លិបពន្លឺវិបុល ខណៈមួយរូបទៀត អ្នកប្រដាល់ជើងខ្លាំងថៃ បានផ្តួលអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ត្រឹមទឹកទី២ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៤ ការប្រកួតនេះរៀបចំ ដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ។

អ្នកប្រដាល់ជើងខ្លាំងថៃ Extra ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា សោម ពិសិដ្ឋ ក្លិបពន្លឺវិបុលប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ នេះជាលើកទី ២ ហើយ សម្រាប់អ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរ។ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ កន្លងមកអ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរ ម្ដងហើយដោយឈ្នះអ្នកប្រដាល់កម្ពុជា យ៉េន ឌីណា ហៅ ប៉ោ ភារិទ្ធ ក្លិបហ្គាឡាក់ស៊ីជាម្ចាស់មេដាយមាស SEA GAME ដោយពិន្ទុ ។

សោម ពិសិដ្ឋ គេមិនសូវ ជាមានឈ្មោះបោះសំឡេងដូច យ៉េន ឌីណា នោះទេតែស្ថិតិប្រកួតរបស់គេមិនអន់ឡើយ។ ស្ថានភាពនៃការប្រកួតពិត ជាមានលក្ខណៈតឹងតែងបន្តិចមែនតែការវៃចេញ របស់ពិសិដ្ឋមានប្រសិទ្ធភាពច្រើនជាង ហើយ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាពេញទាំង៥ទឹក ដែលលទ្ធផលចុងក្រោយពិសិដ្ឋ ពិតជាធ្វើបានល្អមែន ។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ផាន់ សុផាត ក្លិបនាគនាំសំណាងត្រូវអ្នកប្រដាល់ថៃ Amy Salackchhai វ៉ៃឲ្យដួលសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតប្រភេទទម្ងន់៦០គីឡូក្រាម ។អ្នកប្រដាល់ជើងខ្លាំងថៃ Amy Salackchhai ពិតជាធ្វើបានល្អដូចជាការអះអាងរបស់គេថា គេនឹងនាំជ័យជំនះត្រឡប់ទៅស្រុកគេវិញនោះ។ លើកនេះគេចំណាយពេលតែត្រឹម២ទឹកប៉ុណ្ណោះធ្វើឲ្យគូប្រកួតមិនអាសចក្រោកតដៃបាន។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា សោម វិឆ័យ ក្លិបពន្លឺវិបុល ប្រកួតជាមួយជើងខ្លាំងថៃ ChhuokMongkhun នោះត្រូវទទួលបរាជ័យនៅទឹកទី២។ ការបរាជ័យ របស់វិឆ័យ មិនមែនដោយសារបច្ចេកទេស នោះទេ គឺវិឆ័យបាន បំពានលើគូប្រកួតដោយ គេទាត់ចំពង គូប្រកួតដែលនេះ ជាការបំពានលើបច្ចេកទេសហើយត្រូវអាជ្ញាកណ្ដាលកំណត់ ឲ្យចាញ់ដោយស្វ័យប្រវត្តិ ។ នេះជាលើកទី២ហើយដែលChhuok Mongkhun ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ កាលពីថ្ងៃទី១៩វិច្ឆិកា២០២៣ អ្នកប្រដាល់ថៃរូបនេះ បានយកឈ្នះអ្នកប្រដាល់កម្ពុជាសូត្រ ខេវិនដោយ ពិន្ទុតែមកលើកនេះគេជួបគូប្រជែង ដែលខ្លាំងជាងមុនហើយ ៕
ដោយ៖លី ភីលីព

Most Popular

To Top