កីឡា

អតីតមន្ត្រីបាល់ទាត់ របស់ប្រទេសចិន មួយចំនួន ត្រូវជាប់ពន្ធនាគារ ពីបទសូកប៉ាន់

Xinhua

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា អតីតមន្ត្រីបាល់ទាត់មួយចំនួនបានទទួល ការកាត់ទោសដាក់ពន្ធនាគារនៅខេត្ត Hubei ពីបទទទួលសំណូក ខណៈការកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការលុបបំបាត់អំពើពុករលួយ ក្នុងឧស្សាហកម្មកីឡាបាល់ទាត់នៅតែបន្ត។

កាលពីថ្ងៃពុធ តុលាការនៅទីក្រុង Xianning នៃខេត្ត Hubei បានកាត់ទោសលោក Liu Yi អតីតអគ្គលេខាធិការសមាគមកីឡាបាល់ទាត់ចិនឲ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ បន្ទាប់ពីបានកាត់ទោសលោកពីបទស៊ីសំណូក។ លោក Liu បានបម្រើការជាអគ្គលេខាធិការ CFA ពីខែសីហា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២៣ ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣.៦ លានយន់ (៤៩៥,០០០ដុល្លារ) ។

នេះបើយោងតាម ភាពយន្តឯកសារបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍កណ្តាលប្រទេសចិន កាលពីខែមករា ដែលលាតត្រដាងពីអំពើពុករលួយ ក្នុងវិស័យបាល់ទាត់ថា លោក Liu បានទទួលយកប្រាក់ចំនួន ១ លានយ័នដែលផ្តល់ជូន ដោយ Li Tie អតីតគ្រូបង្វឹកក្រុមបុរសចិន ដើម្បីគាំទ្រ Li ក្នុងការឈ្នះតំណែង ជាប្រធានក្រុមជ្រើសរើសកីឡាករ បាល់ទាត់ជម្រើសជាតិ និងក្រោយមកបានតំណែងជាគ្រូបង្វឹកក្រុមបុរសចិន ។ ភាពយន្តឯកសារនេះត្រូវបានផលិតដោយគណៈកម្មការមជ្ឈិមសម្រាប់អធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិន។

នេះបើយោងតាមសាលក្រម ដែលចេញដោយតុលាការនៅទីក្រុង Shishou នៃខេត្ត Hubei ថា កាលពីថ្ងៃពុធ លោក Tan Hai អតីតប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាកណ្តាលនៃ CFA ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៦ ឆ្នាំកន្លះពីបទស៊ីសំណូក។

នេះបើយោងតាមសេចក្តីសម្រេចថា លោក Tan ក៏ត្រូវបានពិន័យជាប្រាក់ ចំនួន ២០០,០០ យ័នជាមួយនឹងប្រាក់ចំណេញខុសច្បាប់របស់លោកនឹងត្រូវប្រគល់ទៅរតនាគាររដ្ឋ ។ លោក Tan បានក្លាយជាអាជ្ញាកណ្តាលកម្រិតជាតិក្នុងឆ្នាំ ១៩៩៥ ហើយត្រូវបានទទួលស្គាល់ ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិដោយ CFA ក្នុងឆ្នាំ២០០៤ ។ លោកត្រូវបានជ្រើសរើស ជាអាជ្ញាកណ្តាលប្រចាំឆ្នាំ ក្នុងឆ្នាំ២០១១ , ២០១២, ២០១៤ និង២០១៥  ដោយ CFA Super League ។

កាលពីថ្ងៃអង្គារ តុលាការ Shishou ក៏បានកាត់ទោសលោក Qi Jun អតីតប្រធាននាយកដ្ឋានផែនការយុទ្ធសាស្ត្រនៃ CFA ឲ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំពីបទសូកប៉ាន់។ លោក Qi បានដឹកនាំក្រុមបាល់ទាត់បុរសជាតិ របស់ប្រទេសចិនក្នុងអំឡុង ពេលយុទ្ធនាការជម្រុះសម្រាប់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា បានបម្រើការជាប្រធាន ផ្នែកប្រកួតប្រជែងរបស់ CFA អស់រយៈពេលជាច្រើនឆ្នាំ មុនពេលទទួលបន្ទុកផ្នែកផែនការ យុទ្ធសាស្រ្តរបស់ខ្លួនក្នុងខែសីហា ឆ្នាំ ២០២១។

ការកាត់ទោសនេះ គឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំង អំពើពុករលួយដែលបានសាយភាយ ពេញបាល់ទាត់ចិនចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២២ បន្ទាប់ពីការស៊ើបអង្កេតរបស់លោក Li ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបុរស។ មកទល់ពេលនេះ អតីតមន្ត្រីបាល់ទាត់ ១៣ នាក់ត្រូវបានកាត់ទោស។ លោក Chen Xuyuan អតីតប្រធាន CFA បានទទួលការកាត់ទោសដ៏ឃោឃៅបំផុត ឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមីនា ៕

Most Popular

To Top