កីឡា

លោក គួច ហុងជៀក៖ ការប្រកួតជើងឯកកីឡាហាប់គីដូ នេះជាការដុសខាត់ និងវាស់ស្ទង់កម្រិតបច្ចេកទេស និងការអភិវឌ្ឍនូវចំណេះដឹងថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោក ដួង មាសចំរើន អគ្គនាយករងតំវណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញអធិបតីក្នុងពិធីបិទការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំឡើងដោយសហព័ន្ធកីឡាហាប់គីដូក្រោមការប្រើប្រាស់ថវិកាសហព័ន្ធផ្ទាល់ និងសហការដៃគូក្រុមហ៊ុនដឹកជញ្ជូន ឡាវីតា ។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពិធីបិទការប្រកួតពីសំណាក់ លោក ប្រាក់ វណ្ណដា ប្រធានអង្គភាពកីឡានគរបាលជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា លោក ស៊ីយ៉ុន ស្ថាពរ អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក គង់ វុត្ថា តំណាងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី។

លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះ អាចដំណើរបាន ដោយទទួលបានឧបត្ថម្ភថវិកាគាំទ្រចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ សប្បុរសជន និងបណ្តាក្រុមហ៊ុននានាដូចជា ក្រុមហ៊ុនដឹកជញ្ជូន ឡាវីតា ទើបសហព័ន្ធខ្មែរកីឡាហាប់គីដូ អាចរៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិនេះឡើង ស្របទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនីដែលបានហ្វឹកហាត់ប្រចាំថ្ងៃ ក៏ដូចជាពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ បន្ថែមចំណេះដឹងបទពិសោធន៍ដល់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចចិត្តកាត់សេចក្តីលើទីលានប្រកួត។

ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានបញ្ជាក់ថា ការប្រកួតនៅពេលនេះ ខ្ញុំចាត់ទុកថា មានសារសំខាន់ ដែលជាការដុសខាត់ និងវាស់ស្ទង់កម្រិតបច្ចេកទេស ដែលទទួលបានពីការប្រកួតប្រជែងគ្នា និងបានអភិវឌ្ឍនូវចំណេះដឹងថ្មីៗបន្ថែមទៀត។ ជាការពិតទាំងកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដារ ទើបអាចឈានទៅកាន់ការប្រកួតថ្នាក់អន្តរជាតិ និងចូលរួមកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់ ហេតុដូច្នេះហើយ ទើបសហព័ន្ធខ្មែរកីឡាហាប់គីដូ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញបច្ចេកទេស អាចឆ្លើយតបបានទៅនឹងកម្រិតនៃព្រឹត្តិការណ៍ប្រកួតប្រកបដោយប្រសិទ្ធិភាព។

ព្រឹត្តិការណ៍ប្រកួតនាពេលកន្លងមក សហព័ន្ធតែងតែទទួលបានលទ្ធផល គួរជាទីមោទនៈ ដោយក្នុងនោះ កាលពីឆ្នាំ២០២៥ថ្មីៗកន្លងទៅ សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក (World Hapkido Championships 2025) នៅខេត្តនុន្ទបូរី ប្រទេសថៃ។ ជាលទ្ធផលដែលមិននឹកស្មាន ក្រុមប្រតិភូហាប់គីដូកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន .៤០គ្រឿង (មាស ១២គ្រឿង ១៣ប្រាក់ គ្រឿង និងសំរឹទ្ធ ១៥គ្រឿង)។

ទាំងអស់នេះសរបញ្ជាក់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និង អត្តពលិកផ្ទាល់ខ្លួនបានខិតខំប្រឹងប្រែង តាមរយៈការអនុវត្តខ្ជាប់ខ្ជួននូវផែនការសកម្មភាព និងកាលវិភាគការហ្វឹកហាត់ប្រចាំថ្ងៃរបស់ខ្លួន។ គួររំលឹកផងដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូជានិច្ចកាលតែងតែបានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏ដូចជាក្រសួងស្ថាប័ន ពាក់ព័ន្ធនានាបានយ៉ាងល្អ រួមទាំងកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាហាប់គីដូអន្តរជាតិផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top