កីឡា

អាណាចក្រដ៏មានតម្លៃរាប់លានដុល្លារ នៃបណ្តាញផ្សាយកីឡាបាល់ទាត់ ខុសច្បាប់កំពូលរបស់ពិភពលោក

អេស្ប៉ាញ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការជាតិអេស្ប៉ាញ ថ្មីៗនេះបានកាត់ទោសមេដឹកនាំនៃក្រុមផ្សាយកីឡាខុសច្បាប់ដ៏ធំមួយឲ្យជាប់ពន្ធនាគារ ២៣ ខែ និងពិន័យជាប្រាក់ ១០.២ លានដុល្លារអាមេរិក ដែលបញ្ចប់ការស៊ើបអង្កេតអន្តរជាតិរយៈពេល ៨ ឆ្នាំលើអាណាចក្រលួចចម្លងរាប់លានដុល្លារ។

មេខ្លោងត្រូវគេស្គាល់ថា ជា “Dash, The Iranian” បានដំណើរការបណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញមួយជាចម្បងមកពីប្រទេសអេស្ប៉ាញបានផ្តល់គេហទំព័រកម្សាន្ត និងកីឡាលួចចម្លងរាប់ពាន់ដល់អ្នកប្រើប្រាស់ប្រហែល ២ លាននាក់ ដោយប្រើប្រាស់ដែនដូចជា IPTVStack និង RapidIPTV។ អត្តសញ្ញាណពិតរបស់គាត់នៅតែជាសម្ងាត់ក្នុងឯកសារតុលាការ។

នេះបើយោងតាម The Athletic បាននិយាយថា អង្គការខុសច្បាប់នេះបានរកចំណូលជាង ១៧ លានដុល្លាររវាងឆ្នាំ ២០១៥ និង ២០២០ ។ ជនជាតិអ៊ីរ៉ង់រូបនេះ រួមជាមួយជនជាប់ចោទ ៤ នាក់ផ្សេងទៀត បានសារភាពកំហុសនៅថ្ងៃទី១៥ ខែមេសា ពីបទរំលោភលើកម្មសិទ្ធិបញ្ញា និងការលាងលុយកខ្វក់ ដើម្បីទទួលបានទោសស្រាលជាងមុន។ ការពិន័យសរុប និងការខូចខាតទាក់ទងនឹងសម្ភារៈលួចចម្លង រួមទាំង Premier League និង Champions League បានឈានដល់ ២៣ លានដុល្លារ។

អាជីវកម្មខុសច្បាប់នេះមានសាខាពីរ៖ ផ្នែកបច្ចេកទេស ដែលមួយផ្នែកនៅអ៊ីរ៉ង់ បានលួចសញ្ញាផ្សាយ ហើយចែកចាយវាឡើងវិញតាមរយៈម៉ាស៊ីនមេនៅក្នុងប្រទេសជាង ១០។ ផ្នែកហិរញ្ញវត្ថុនៅអេស្ប៉ាញ បានបង្កើតក្រុមហ៊ុនសែល ដើម្បីលាងលុយកខ្វក់។

ដោយប្រើប្រាស់ក្រុមហ៊ុនសែលនៅបេលីស និងអេស្ប៉ាញ បណ្តាញ IPTV បានកេងប្រវ័ញ្ចប្រព័ន្ធផ្ទេរប្រាក់ក្រៅផ្លូវការដូចជា Hawala និង Sarraf។ ប្រាក់ក៏បានហូរឆ្លងកាត់ប្រទេសលុចសំបួរ ដោយប្រើអាសយដ្ឋានក្លែងក្លាយនៅឌូបៃ និងអារ៉ាប់រួម។ បណ្តាញនេះបានប្រើប្រាស់គំរូសិទ្ធិផ្តាច់មុខ ដែលធ្វើឲ្យអន្តរការីទទួលបានប្រាក់ចំណេញពីសេវាកម្ម IPTV ផ្ទាល់ខ្លួនរបស់ពួកគេ។

ការស៊ើបអង្កេត ដោយមានជំនួយពីការសម្របសម្រួលពីសម្ព័ន្ធភាពសម្រាប់ការកម្សាន្តច្នៃប្រឌិត (ACE) ដែលតំណាងឲ្យសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសកលជាង ៥០ បានរកឃើញថាក្រុមនេះបានប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយដើម្បីបើកគណនីធនាគារ និងលាងលុយតាមរយៈអចលនទ្រព្យថ្លៃៗ និង Bitcoin ជាង ១,000៕

Most Popular

To Top