កីឡា

បើកការប្រកួតកីឡាគុនល្បុក្កតោ នៃការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡា ដើម្បីសុខភាពកុមារ”

ភ្នំពេញ ៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និង ជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក គង់ វត្ថា តំណាង លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានអញ្ជើញចូលរួម ពិធីបើកការប្រកួត ប្រភេទកីឡាគុនល្បុក្កតោថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជា មួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ។

ការប្រកួតកីឡាគុនល្បុក្កតោសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ មានចំនួន ១០ខេត្តចូលរួមដូចជា ខេត្តត្បូងឃ្មុំ
ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល ។ កីឡាករ-កីឡាការិនីចូលរួមសរុបរួមមាន កីឡាករ ៣៤ នាក់ កីឡាការិនី ២០នាក់ ប្រតិភូ គ្រូបង្វឹក ២៥នាក់ គណៈកម្មការរៀបចំការប្រកួត ៣០នាក់ យុវជនស្ម័គ្រចិត្ត ៥នាក់ និងសរុបចំនួន ១១៤នាក់។

ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ) ៕
ដោយ៖លី ភីលីព

Most Popular

To Top