កីឡា

ភ្នំពេញគ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”

ភ្នំពេញ ៖ រាជធានីភ្នំពេញគ្រងតំណែងជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាំងប្រទេស បន្ទាប់ពីភ្នំពេញដណ្តើមបានមេដាយសរុបចំនួន ២៣ គ្រឿង ខណៈខេត្តរតនគិរី ដណ្តើមមេដាយមាស ៧ គ្រឿង ក្រោមការរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការ ជាមួយសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា។

ក្នុងឱកាសពិធីបិទ និងប្រគល់ពានរង្វាន់ជូនរាជធានីខេត្ត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងប្រធានគណៈកម្មាធិការរៀបចំការប្រកួត បានប្រាប់ឲ្យដឹងថាការប្រកួតតាមប្រភេទកីឡាទាំង១២ បានប្រព្រឹត្តទៅដោយរលូនតាមក្រមសីលធម៌វិជ្ជាជីវៈ មានការតវ៉ាតិចតួច ប៉ុន្តែគណៈកម្មការបច្ចេកទេសបានដោះស្រាយនិងទទួលបានការគាំទ្រពីគ្រប់ភាគី និងមិនមានបញ្ហាអ្វីធំដុំកើតឡើងទេ។ លទ្ធផលបច្ចេកទេស ដែលក្រុមកីឡាទាំងអស់ សម្រេចបានដ៏ត្រចះត្រចង់នេះ គឺបានមកដោយសារមានការជួយឧបត្ថម្ភ គាំទ្រ របស់ ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ទស្សនិកជនទាំងអស់ ជួយគាំទ្រលើកទឹកចិត្ត និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់គណៈ-កម្មការបច្ចេកទេសយើងខ្ញុំ។

រាជធានីភ្នំពេញគ្រងតំណែងជើងឯក ដោយឈ្នះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តរតនគិរី ឈ្នះមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តព្រៃវែង ឈ្នះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង និងខេត្តកំពត ឈ្នះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។
កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕

Most Popular

To Top