ភ្នំពេញ ៖ ក្រុមកីឡាវាយកូនឃ្លីលើតុ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ឈ្នះមេដាយមាស ១ គ្រឿង ដូចគ្នាលើកីឡាវាយកូនឃ្លីលើតុ នៃការប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

ក្នុងឱកាសពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមជាកិត្តិយស ពីសំណាក់លោក បេងហុង សុជាតិសិលាអនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា លោក គង់ វុត្ថា អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និ ងស្ថិតិកីឡា លោក ស៊ុន សុទ្ធារិទ្ធ អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលីតុកម្ពុជា លោកព្រុំ ឌុចបូរ៉ានឿន អគ្គហេរញ្ញិកសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

ក្រុមកីឡាវាយកូនឃ្លីលើតុ ខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាវាយកូនឃ្លីលើតុ រាជធានីភ្នំពេញ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាវាយកូនឃ្លីលើតុ ខេត្តស្ទឹងត្រែង ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាវាយកូនឃ្លីលើតុ ខេត្តតាកែវ ឈ្នះមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

លោក ហេង សុខជាតិ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវបានរៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា ដោយមានការចូលរួមសហការរៀបចំ លើផ្នែកបច្ចេកទេស ដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងគោលបំណងដើម្បីជម្រុញឱ្យវិស័យកីឡា ជាពិសេសកីឡាវាយកូនឃ្លីលើតុ កាន់តែមានការអភិវឌ្ឍន៍មួយកម្រិតថែមទៀត។ចូលរួមសរុបចំនួន ០៥ រាជធានី/ខេត្ត កីឡាករ កីឡាការិនីសរុប ១៦នាក់ ក្នុងនេះកីឡាករមានចំនួន ១០នាក់ កីឡាការិនី មានចំនួន ០៦នាក់។

លោកអគ្គលេខាធិការបានបន្តថា សរុបមានចំនួន ៤៧ប្រកួត រយៈពេល ០៣ថ្ងៃ (គូកុមារ៉ា ៨ប្រកួត ឯកត្តជនកុមារ៉ា ២៤ប្រកួត និងឯកត្តជនកុមារី ១៥ប្រកួត)។ ឆ្លងតាមការប្រកួតអស់រយៈពេល ០៣ថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់នូវគោលការណ៍បទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសក្នុងការប្រកួតធ្វើឱ្យការប្រកួតទទួលបានជោគជ័យ។ ក្នុងរយៈពេល ០៣ថ្ងៃកន្លងមកនេះ កីឡាករ កីឡាការិនី ប្រតិភូរាជធានី ខេត្ត គោរពបានការប្រកួតជាលក្ខណៈស្របតាមបទបញ្ជាការប្រកួត និងមានចិត្តសប្បាយរីករាយ ក្នុងការប្រកួតរវាងខេត្ត និងខេត្ត រាជធានី និងខេត្ត ក្នុងភាពសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ បង្កភាពរលូនក្នុងការប្រកួតរហូតដល់ថ្ងៃបិទកម្មវិធី៕



