កីឡា

លោក កែវ រស់៖ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ សម្រាប់ប្រភេទកីឡាវាយសីជាការផ្តល់ឱកាសដល់អត្តពលិកម្នាក់ៗបញ្ចេញនូវទេពកោសល្យ សមត្ថភាព

ភ្នំពេញ៖ លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា តំណាងលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ សម្រាប់ប្រភេទកីឡាវាយសី ឆ្នាំ២០២៦ ជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីម្នាក់ៗ បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកដើម្បីប្រកួតប្រជែងគ្នា និងរឹតចំណងមិត្តភាព សាមគ្គីភាពជាតិ។

លោក កែវ រស់ បានលើកឡើងក្នុងឱកាសពិធី បិទការប្រកួតប្រភេទកីឡាវាយសីមានការអញ្ជើញពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាវាយសីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅសាលហ្វឹកហាត់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបន្តថា ការប្រកួតនេះផ្តោតលើការពង្រឹងគុណ ភាព សមត្ថភាពបច្ចេកទេសកីឡាករថ្នាលរបស់កម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិនាពេល ខាងមុខ។ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រតិភូកីឡាទាំងអស់ បានបញ្ជូនអត្តពលិក របស់ខ្លួនមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រកបដោយការគោរពតាមបទបញ្ជាបច្ចេកទេស និងឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះ-ចាញ់គ្នា ពោលគឺឈរលើគោលការណ៍ (Fairplay) កីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ស្របតាមពាក្យស្លោក “កីឡាដើម្បីសុខភាពកុមារ”។

លោក កែវ រស់ បានបន្ថែមថា ក្នុងនាមគណៈកម្មការរៀបចំការប្រកួត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា ដែលបានអនុញ្ញាត និងផ្តលនូវថវិកាសម្រាប់រៀបចំការប្រកួតនេះឡើង។ ជាមួយគ្នានេះ សូមអរគុណដល់អ្នក ចូលរួមលើកទឹកចិត្តដែលនេះ គឺជាថាមពលដ៏ខ្លាំងក្លា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាវាយសីឱ្យកាន់តែមានសន្ទុះ ខ្លាំងក្លា និងមានប្រជាប្រិយភាពបន្ថែមទៀត។ជាពិសេសក្នុងគោលបំណងលើកកម្ពស់វិស័យកីឡា សំដៅបណ្តុះស្មារតី ស្រឡាញ់កីឡា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាវាយសីក្នុងតំបន់ផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top