ប្រេស៊ីល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ប្រេស៊ីល និងជាម្ចាស់ពានរង្វាន់ Ballon d’Or លោក Kaká កំពុងបានការល្បីល្បាញ លើបណ្តាញសង្គម ដោយសាររូបភាពមួយសន្លឹកជាមួយភរិយាបច្ចុប្បន្ន និងអតីតភរិយា របស់លោកក្នុងពិធីប្រារព្ធ ខួបកំណើតគម្រប់ ១៥ ឆ្នាំរបស់កូនស្រី Isabella។
រូបភាពដ៏កក់ក្តៅនេះ ត្រូវបានចែករម្លែកនៅលើបណ្តាញសង្គមរបស់លោក Kaká នៅថ្ងៃទី ៩ ខែឧសភា។ នេះជាលើកដំបូងដែលអតីតកីឡាករវ័យ ៤៤ ឆ្នាំរូបនេះបានបង្ហោះរូបភាព ជាសាធារណៈដែលមានអតីតភរិយា តារាម៉ូដែល និងអ្នកជំនួញ Caroline Celico (ទី៣ ខាងស្តាំ) ចាប់តាំងពីការលែងលះគ្នាដ៏ល្បីរបស់ពួកគេក្នុងឆ្នាំ ២០១៥។
យោងតាម Portal Leodias បាននិយាយថា គ្រួសារទាំង ២ បានជួបជុំគ្នានៅស្រុកកំណើតរបស់ពួកគេគឺ São Paulo ក្នុងប្រទេសប្រេស៊ីល ដើម្បីប្រារព្ធខួបកំណើតរបស់នាង Isabella ជាកូនទី ២ ពីអាពាហ៍ពិពាហ៍ដំបូងរបស់លោក Kaka ខណៈនាងមានអាយុ ១៥ ឆ្នាំជាផ្លូវការនៅថ្ងៃទី ២៣ ខែមេសា ការប្រារព្ធពិធីនេះត្រូវបានពន្យារពេលដើម្បីសម្រួលដល់កាលវិភាគដ៏មមាញឹករបស់គ្រួសារទាំងពីរ។
នេះជាលើកដំបូង ដែលភរិយាបច្ចុប្បន្នរបស់លោក Kaka គឺតារាម៉ូដែល Carolina Dias (ខាងឆ្វេង) និងអតីតភរិយារបស់គាត់ បានបង្ហាញខ្លួនជាមួយគ្នានៅក្នុងទីតាំងតែមួយ។ ស្វាមីទីពីររបស់ Celico គឺអ្នកជំនួញ Eduardo Scarpa Juliao (ស្តាំ) ក៏បានចូលរួមពិធីជប់លៀងខួបកំណើតផងដែរ។
លោក Kaká ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់គ្រប់ពេលវេលា។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ១០ នាក់ដែលបានឈ្នះពានរង្វាន់ World Cup, Champions League និង Ballon d’Or ដោយបានលេងឲ្យក្លឹប São Paolo, AC Milan និង Real Madrid៕
