ភ្នំពេញ ៖ ក្រោមការសម្របសម្រួលចង្អុលបង្ហាញ របស់ក្រសួងអប់រំ យុវជន និង កីឡា និង សាលារាជធានីភ្នំពេញ គណៈកម្មការជាតិ អូឡាំពិកកម្ពុជា (NOCC) សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ដែលគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានពន្យាពេលទៅ ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ ២០២៦ ជំនួសវិញ។ ដោយឡែកសម្រាប់ទី កន្លែងរៀបចំកម្មវិធី គឺនៅរក្សាដដែល គឺនៅបរិវេណកោះពេជ្រ ។

កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើក កម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាការយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ ឱកាសឲ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន ឲ្យកាន់តែទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនេះដែរ តាងនាមក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អត្តពលិក ភ្ញៀវកិត្តិយស សាធារណ ជនទូទៅ និង ដៃគូពាក់ព័ន្ធនានា បានចុះឈ្មោះចូលរួមក្នុងកម្មវិធីខាងលើនេះ។ យើងខ្ញុំ រង់ចាំទទួលស្វាគមន៍ភ្ញៀវ កិត្តិយស និង អ្នកចូលរួមទាំងអស់យ៉ាងកក់ក្តៅ នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ ២០២៦ នៅបរិវេណកោះពេជ្រ ៕
ដោយ៖លី ភីលីព

