កីឡា

ការប្រកួតកីឡាមហាជន ជើងឯកថ្នាក់ខេត្តកណ្តាលលើ៤ ប្រភេទកីឡាមានក្រុមចូលរួមច្រើនលើសពីការរំពឹង

កណ្តាល៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលឆ្នាំ២០២៦ ដែលដំណើរការយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ មានក្រុមចូលរួមច្រើនលើសពីការរំពឹង ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ចំពោះការចុះឈ្មោះរបស់កីឡាករ កីឡាការិនី ក៏ដូចជាការកំណត់អត្តសញ្ញាណ អាយុកីឡាករ កីឡាការិនីត្រូវចុះឈ្មោះឱ្យបានត្រឹមត្រូវ ជៀសវាងការតវ៉ា ឬបញ្ហាផ្សេងៗទៀត។ ប្រធានការិយាល័យរូបនេះបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ រៀបចំលើ៤ប្រភេទកីឡា ដូចជា ផ្នែកបាល់ទាត់បុរស, បាល់ទះ បុរស-នារី, បាល់បោះ បុរស-នារី និងអត្តពលកម្ម បុរស-នារី។

ចំពោះសិទ្ធិចូលរួមប្រកួត គឺតម្រូវឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានអាសយដ្ឋានបច្ចុប្បន្ន ឬអង្គភាពបម្រើរការនៅក្នុងខេត្តកណ្តាល កីឡាករ កីឡាការិនីទាំងអស់ មិនមានជាប់ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិ (យ៉ាងតិច២ឆ្នាំ) កីឡាករ កីឡាការិនីលើប្រភេទកីឡាបាល់ទះ បាល់បោះ និងអត្តពលកម្ម ១៦ឆ្នាំ ឡើងទៅ។ លើកលែងតែប្រភេទកីឡាបាល់ទាត់ គឺកីឡាករត្រូវមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ប៉ុន្តែកីឡាករវ័យអាយុ២០ឆ្នាំដល់អាយុ ៣៤ឆ្នាំចំនួន ៣នាក់ត្រូវបានអនុញ្ញាតឱ្យចូលលេងលើទីលានបានក្នុងមួយក្រុម។

ចំពោះប្រភេទកីឡាបាល់ទាត់មាន៨ក្រុមចូលរួម និងចែកជា២ពូល ខណៈបាល់បោះបុរសមាន៨ក្រុម ចែកជា២ពូល និងផ្នែកនារី មាន៤ក្រុម។ យោងតាមសេចក្តីជូនដំណឹងរបស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានឱ្យដឹងថា ការរៀបចំប្រកួតនេះ គឺយោងតាមផែនការប្រតិបត្តប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ហើយដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យកីឡាមហាជនឱ្យកាន់តែរីកចម្រើន និងសក្តានុពលផងដែរ៕

Most Popular

To Top