ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹកបានលើកឡើង បានកោតសរសើរ ចំពោះការខិតខំប្រែងប្រែង ប្រកបដោយឆន្ទៈខ្ពស់របស់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ដែលចូលរួមប្រកួតប្រជែងមេដាយ និងការលើកស្ទួយកិត្តិយសប្រទេសជាតិ ។

លោកអគ្គលេខាធិការក៏លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីបន្តប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យកីឡាកម្ពុជាបង្ហាញ ភាពខ្លាំងលើឆាកអន្តរជាតិ ដោយតាមរយៈការឈ្នះមេដាយមាស និងប្រាក់ជាច្រើនគ្រឿងនេះបង្ហាញពីការរៀបចំ ការដឹកនាំគ្រប់ជាន់ថ្នាក់របស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយជាពិសេសបំផុតគឺរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាហែលទឹករីកចម្រើន ដែលយើងមិនអាចបំភ្លេចបាន។

លោក ហែម គីរី បានបន្តថា ការឈ្នះមេដាយមាស១៥គ្រឿង និងប្រាក់១គ្រឿងពីការប្រកួតហែលទឹកពាក់ជើងទារអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី គឺជាការរៀបចំផែនការច្បាស់លាស់របស់សហព័ន្ធ រួមជាមួយឆន្ទៈខ្ពស់របស់គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាំត្រឡប់មកជូនជាតិមាតុភូមិ។ គោលបំណងចម្បងរបស់សហព័ន្ធ ចង់អភិវឌ្ឍ ធនធានកីឡាករ កីឡាការិនីហែលទឹកវ័យក្មេង កម្ពុជា ចូលរួមប្រកួតអន្តរជាតិឱ្យបានច្រើន ដែលជាចក្ខុវិស័យរបស់សហព័ន្ធ ហើយការឈ្នះមេដាយមាស១៥ គ្រឿង និងមេដាយប្រាក់១គ្រឿង សរុប១៦គ្រឿងរបស់កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ក្នុងការប្រកួតកម្រិតអន្តរជាតិ នៅប្រទេស ម៉ាឡេស៊ី ឆ្នាំ២០២៦នេះ គឺជាលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ជូនដល់ប្រទេសជាតិ ។

លោកបន្ថែមថា ការប្រកួតនេះមិននឹកស្មានថា កីឡាករ កីឡាការិនីកម្ពុជាអាច ធ្វើបានលទ្ធផលល្អបែបនេះទេ ដោយលោកត្រឹមតែដាក់ក្តីរំពឹងថា ពួកគេត្រឹមទទួលបានល្អជាងការប្រកួតកន្លងមក។
ការចូលរួមប្រកួតអន្តរជាតិពីមុនមក ប្រភេទកីឡាហែលទឹកពាក់ជើងទាកម្ពុជា មិនទាន់ទទួលបានកម្រិតមេដាយមាស ច្រើនបែបនេះនៅឡើយទេ ដោយទទួល បានត្រឹមមេដាយប្រាក់ និងសំរឹទ្ធ ហើយលើកនេះកម្ពុជាអាចឈាន ដល់កម្រិតមេដាយមាស ក្នុងកម្រិតយុវជន ។ វាបានបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ ការរៀបចំផែនការ ច្បាស់លាស់របស់សហព័ន្ធ ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ កីឡាការីផ្ទាល់តែម្តង ដែលជំរុញឱ្យហែលទឹកពាក់ជើងទាកម្ពុជាអាចឈាន ដល់កម្រិតល្អបែបនេះ ។

លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីរៀបចំការងាររួម ខ្ញុំពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផលនេះ ក្រោមកិច្ចសហការល្អរបស់សហព័ន្ធជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលធ្វើឱ្យយុវជនហែលទឹក ពាក់ជើងទាកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ។ អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់គឺថា ភាពខ្លាំងនៃក្រុមយុវជន នឹងគាំទ្រដល់ក្រុមជម្រើសជាតិឈុតធំទទួលបានលទ្ធផលល្អ គឺត្រូវកើតចេញពីក្រុមយុវជននេះហើយ។ បើថ្នាលយុវជនយើងខ្លាំង នោះថ្ងៃអនាគត ក្រុមជម្រើសជាតិ ឈុតធំយើងនឹងខ្លាំងដូចគ្នា ដែលសហព័ន្ធតែងតែជ្រើស រើសធនធានវ័យក្មេងចូលរួមហ្វឹកហាត់ ផ្តល់ឱកាសជូនដល់ពួកគាត់ ក្រោមការការរៀបចំផែនការច្បាស់លាស់ក្នុងការគិតគូ ការខិតខំប្រឹងប្រែងខ្លាំងបំផុត ការប្រើពេលវេលា ក្នុងការអភិវឌ្ឍបង្កបង្កើនធនធាន ដោយមិនមែនជាការកើតឡើង ដោយភាពចៃដន្យនោះទេ។

លោក ហែម គីរី បានគូសបញ្ជាក់បន្ថែមទៀតថា ដោយសារតែថ្នាក់ដឹកនាំសហព័ន្ធ កំពុងខិតខំជាមួយនឹងហរដ្ឋារចនា សម្ព័ន្ធអាងហែលទឹក ដែលមានទីតាំងហ្វឹកហាត់ច្បាស់លាស់ជំរុញឱ្យយើងមានលទ្ធភាពអភិវឌ្ឍន៍ទាំងធនធានគ្រូបង្វឹក កីឡាករ កីឡាការិនី ទើបសហព័ន្ធខ្មែរកីឡាហែលទឹកមានធនធានអត្តពលិកកម្រិតយុវជនល្អៗ ដែលឈានដល់ការចូលរួមប្រកួតអន្តរជាតិជាមួយបណ្តាប្រទេសនានា ក្នុងតំបន់។ ជាមួយគ្នានេះ កីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តការដុសខាត់គុណភាពសមត្ថភាពឱ្យកាន់តែខ្ពស់ៗ ដើម្បីឈានដល់ការប្រកួតម្រិតទ្វីប ក្នុងន័យពង្រឹងប្រភេទកីឡាហែលទឹកពាក់ជើងទាកម្ពុជារីកចម្រើនឲ្យកាន់តែខ្លាំងក្លា៕

