ភ្នំពេញ៖ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស ចំនួន ៣ គ្រឿងការប្រកួតប្រភេទតេក្វាន់ដូ ITF ថ្ងៃបើកឆាកដំបូង ក្នុងការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ចាប់ថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅអាគារសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ។

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង សាកលវិទ្យាល័យ វេស្ទើន ដណ្តើមបានមេដាយប្រាក់ចំនួន ១ គ្រឿង និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង។

ការប្រកួតប្រភេទតេក្វាន់ដូ ITF ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ឆ្នាំនេះ គ្រូបង្វឹក ៦ នាក់ និងក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ចំនួន ៦៥ នាក់មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ រួមមានសាកលវិទ្យាល័យ មានជ័យ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប សាកលវិទ្យាល័យ វេស្ទើន សាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម វិទ្យាស្ថាន ខេមអេដ និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ខេត្តកំពង់ស្ពឺ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕

