ម៉ាឡេស៊ី៖ក្រុមបាល់បោះជនពិការនារីកម្ពុជា និង ក្រុមបាល់បោះជនពិការបុរសកម្ពុជា ដណ្តើមបានមេដាយមាសដូចគ្នា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ីលើកទី២ “The 2nd Asian Para Throwball Championship 2026” ដោយបន្ដគ្រងមេដាយមាសជាថ្មី ក្រោយយកឈ្នះ ៤ប្រកួតជាប់ៗគ្នា នៅក្នុងការប្រកួតកីឡាបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ (2nd Asian Para Throwball Championship) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជា(បុរស នារី) ធ្វើបានយ៉ាងល្អ ដោយសុទ្ធតែបានយកឈ្នះដាច់លើគូប្រកួត ក្នុងនោះសម្រាប់ការប្រកួតពូលA គឺបានឈ្នះក្រុមឥណ្ឌា ៣-០ និងឈ្នះបង់ក្លាដេស ៣-០ ដូចគ្នា មុនបន្ដយកឈ្នះក្រុមឥណ្ឌូនេស៊ី ៣-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ បានយកឈ្នះក្រុមស្រីលង្ការ ៣-០សិតទៀត ជាមួយពិន្ទុ ២១-១១, ២១-១៤ និង ២១-៥ ដើម្បីបន្ដគ្រងមេដាយមាសតែម្ដង។

ប្រតិភូកីឡាជនពិការកម្ពុជា មកពីចូលរួមការប្រកួតកីឡាបាល់បោះជនពិការអាស៊ីលើកទី២ The 2nd Asian Para Throwball Championship 2026 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដណ្ដើមបានមេដាយ មាស ០២គ្រឿង លើវិញ្ញាសា បុរស និងនារី៕


