ភ្នំពេញ ៖ ក្រុមកីឡាតេក្វាន់ដូ WT វិទ្យាស្ថាន ខេមអេដដណ្តើម បានមេដាយមាសចំនួន ៥ គ្រឿង នៃការប្រកួតប្រភេទអត្តពលកម្ម ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និង កីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយខេមរា សហព័ន្ធកីឡាតេក្វានដូ ចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និង ប្រគល់មេដាយជូនក្រុមម្ចាស់ជយលាភីនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមយិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូបង្វឹកជម្រើសជាតិ CHOI YONGSOK តំណាងស្ថាប័ន KUKKIWON និងលោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ។

វិទ្យាស្ថាន ខេមអេដ ដណ្តើមបាន មេដាយមាស ៥ គ្រឿង និងមេដាយសំរឹទ្ធិ ៣ គ្រឿងសាកលវិទ្យាល័យវេស្ទើនភ្នំពេញ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និង មេដាយសំរឹទ្ធិ ៤ គ្រឿង សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដណ្តើមបាន មេដាយមាស ២ គ្រឿង និង មេដាយប្រាក់ ១ គ្រឿង និង សាកលវិទ្យាល័យវេស្ទើន កណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធិ ១ គ្រឿង។
រីឯសាកលវិទ្យាល័យជាតិបាត់ដំបង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ៣ គ្រឿង សាកលវិទ្យាល័យវេស្ទើនកំពង់ចាម ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ១ គ្រឿង វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធិ ៦ គ្រឿង និងសាកលវិទ្យាល័យជាតិគ្រប់គ្រងដណ្តើមបានមេដាយសំរឹទ្ធិ ១ គ្រឿង។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕





