ភ្នំពេញ៖ លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាវាយសីកម្ពុជា និង ក្រុមហ៊ុន Victor Sports Cambodia នៅថ្ងៃនេះ ជាការបើកផ្លូវថ្មីមួយទៀត ដើម្បីទទួលបាននូវឱកាសបន្ថែម ក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជា ដោយមានការបង្កើននិងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់កីឡាករចំពោះមុខ អនាគតដែលរីកចម្រើន ប្រែប្រួលឥតឈប់ឈរ ហើយមានសមត្ថភាពពេញលេញ ក្នុងការចូលរួមប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

លោក កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានលើឡើងក្នុងឱកាសពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង សហព័ន្ធកីឡាវាយសីកម្ពុជា និងក្រុមហ៊ុន Victor Sports Cambodia, Co., Ltd ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Zhang Ying អគ្គនាយកក្រុមហ៊ុន Victor Sports Cambodia, Co., Ltd នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទំាំងសមាជិកប្រតិបត្តិ និងកីឡាករ-កីឡាការិនីវាយសី។

លោកអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបន្តថា ក្នុងនាមលោករដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Victor Sports Camb odia និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមសហការផ្តល់ការគាំទ្រ រៀបចំព្រឹត្តិការណ៍នានា ក្នុងការប្រកួតជាលក្ខណៈជាតិ-អន្តរជាតិ និងវគ្គបណ្តុះបណ្តាលនានា សកម្មភាពទាំងនេះ ជាការចូលរួម និងគាំទ្រយ៉ាងសំខាន់ក្នុងបេសកកម្មរបស់សហព័ន្ធជារួមក្នុងការលើកកម្ពស់ បង្កើនគុណភាពវិស័យកីឡាវាយសី ឆ្លើយតបទៅនឹងតថភាពសង្គមកម្ពុជាយ៉ាងពិតប្រាកដ ហើយស្របតាម ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។

លោក កុសល សុវណ្ណវិសាល បានបញ្ញាក់ថា ជាក់ស្តែង សហព័ន្ធកីឡាវាយសីកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់ ពោរពេញដោយជំនឿចិត្ត និងបាន បំពេញភារកិច្ចក្នុងវិស័យកីឡា ស្របតាមចក្ខុវិស័យ គុណតម្លៃ គោលបំណង គោលដៅជាយុទ្ធសាស្ត្រក្នុងផែនការ នៃដំណើរឆ្ពោះទៅ ការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០៣១។ សហព័ន្ធកីឡាវាយសីកម្ពុជា បានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវពាក្យស្លោក ពលរដ្ឋម្នាក់ លេងកីឡាមួយ ប្រភេទ៕




ដោយ៖លី ភីលីព
