ក្រុមជម្រើសជាតិអាហ្សង់ទីនបានបញ្ចប់វគ្គចែកពូលក្នុងពានរង្វាន់ FIFA World Cup 2026 យ៉ាងល្អឥតខ្ចោះ ដោយបានយកឈ្នះក្រុមហ្សកដានីក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Dallas Stadium នាទឹកដីអាមេរិក ដោយគ្រប់គ្រងការប្រកួតទាំងស្រុង និងបានឡើងទៅឈរនៅកំពូលតារាងពូល J។
ទោះបីជាមិនមានវត្តមានរបស់ប្រធានក្រុមដ៏ឆ្នើម Lionel Messi នៅក្នុងជម្រើសដំបូង សម្រាកនៅលើកៅអីបម្រុង ក៏ក្រុមអាហ្សង់ទីននៅតែដាក់សម្ពាធយ៉ាងខ្លាំង។ នៅនាទីទី ១៩ Giovani Lo Celso បានស៊ុតបាល់ហ្វ្រីឃីកកោងចូលជ្រុងលើយ៉ាងស្អាត បើកការនាំមុខ ១-០។
ការបន្ថែមគ្រាប់ទីពីរ មិនយូរប៉ុន្មាន នៅនាទីទី ៣១ ខ្សែប្រយុទ្ធ មុតស្រួច Lautaro Martínez បានទាត់បាល់ប៉េណាល់ទីបញ្ចូលទី បន្ទាប់ពីមានការឆែក VAR ពីអាជ្ញាកណ្តាល ធ្វើឲ្យអាហ្សង់ទីននាំមុខ ២-០ នៅវគ្គទីមួយ។
ចូលដល់វគ្គទីពីរ ហ្សកដានីបានវាយបកយកបានមួយគ្រាប់វិញដោយកីឡាករ Musa Al-Taamari នៅនាទីទី ៥៥ ប៉ុន្តែសង្ឃឹមរបស់ពួកគេត្រូវបានពន្លត់ទាំងស្រុងនៅពេលដែល Lionel Messi ត្រូវបានប្ដូរចូល។ នៅនាទីទី ៨០ Messi បានស៊ុតហ្វ្រីឃីកដ៏កោងមួយគ្រាប់ បិទការប្រកួតជាស្ថាពរ ៣-១ និងបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន ៧ ប្រកួតជាប់គ្នាក្នុង World Cup ព្រមទាំងបង្កើនគ្រាប់បាល់សរុបក្នុង World Cup របស់ខ្លួនដល់ទៅ ១៩ គ្រាប់។
តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់នេះ ក្រុមអាហ្សង់ទីននឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Miami Stadium ដើម្បីប្រកួតជាមួយក្រុម Cape Verde នៅក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។

