កីឡា

ក្រុមប្រតិភូកីឡាជំនាញ ៧ រូបបានវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់សិក្ខាសាលាស្តីពី «ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍» នៅចិន

ភ្នំពេញ៖ ក្រុមប្រតិភូកីឡាជំនាញចំនួន ៧ រូប ក្រោមដឹកនាំដោយលោក ផាត់ បញ្ញាសុជាតក៍ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានវិលត្រឡប់មកមាតុប្រទេសវិញហើយនៅយប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍ មានរយៈពេល ២ សប្តាហ៍នៅសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយជោគជ័យ មានអ្នកចូលរួមចំនួន ៣៦ រូបមកពី១០ប្រទេស ។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា ក្រុមប្រតិភូកីឡាជំនាញចំនួន៧រូបមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការសិក្សាសិក្ខាសាលាស្តីពី«ការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍»គោលបំណងនៃវគ្គសិក្ខាសាលានេះ គឺផ្តោតលើការរៀបចំ លើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជា ធនធានហិរញ្ញវត្ថុនៅមានកម្រិតនៅប្រទេសចិន។ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៦ រូបមកពី១០ប្រទេសរួមមាន ប្រទេសចូដេន អេហ្ស៉ីប កម្ពុជា ហ្គាមប៊ី ប៊ុលហ្គារី កេនយ៉ា ស៊ូដង់ខាងត្បូង ហ្គ្រេនដា តុងហ្គោ ណាមីប៊ី។

លោកស្រីអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា លទ្ធផលសំខាន់ៗដែលត្រូវសិក្សាដូចជាបង្កើនចំណេះដឹងអំពីគោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែងរបស់ប្រទេសចិន។ ស្វែងយល់ពីការរៀបចំ និងអភិវឌ្ឍអត្តពលិក ចាប់ពីការជ្រើសរើស ទៅដល់ការហ្វឹកហាត់កម្រិតខ្ពស់។ រៀនពីការគ្រប់គ្រងមជ្ឈមណ្ឌលហ្វឹកហាត់ ក្រុមជម្រើសជាតិ និងសហព័ន្ធកីឡា។ផ្នែកចំណេះដឹងអំពីវិទ្យាសាស្ត្រកីឡា រួមមានការហ្វឹកហាត់ អាហារូបត្ថម្ភ វេជ្ជសាស្ត្រកីឡា និងការវិភាគទិន្នន័យ និងស្វែងយល់ពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

ថែមទាំងសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យកីឡា។ចែករម្លែកបទពិសោធន៍ជាមួយមន្ត្រីកីឡាពីប្រទេសផ្សេងៗ និងពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទំាងពួកយើងបានទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលហ្វឹកហាត់ សាកលវិទ្យាល័យ និងស្ថាប័នកីឡាឈានមុខរបស់ប្រទេសចិន ដើម្បីសិក្សាពីការអនុវត្តជាក់ស្តែង។ ពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកីឡាប្រកួតប្រជែងនៅប្រទេសកម្ពុជា។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មកអនុវត្តក្នុងការលើកកម្ពស់គុណភាពការគ្រប់គ្រង ការហ្វឹកហាត់ និងការអភិវឌ្ឍអត្តពលិក ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងអន្តរជាតិ។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា សរុបមក វគ្គបណ្តុះបណ្តាលនេះបានពង្រឹងទាំង ចំណេះដឹង ទស្សនវិស័យ ជំនាញគ្រប់គ្រង និងបណ្តាញសហប្រតិបត្តិការអន្តរជាតិ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យកីឡាប្រកួតប្រជែងនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារអន្តរជាតិ។សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចំពោះការគាំទ្រ ការលើកទឹកចិត្ត និងការជឿទុកចិត្តជាបន្តបន្ទាប់ក្នុងការផ្តល់ជូននូវឱកាសដ៏សំខាន់នេះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យ អ្នកជំនាញ អ្នករៀបចំ និងបុគ្គលិកទាំងអស់ចំពោះការខិតខំប្រឹងប្រែង ការលះបង់និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅសម្រាប់កម្មវិធីទាំងមូល។ ហើយយើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា មិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាកកម្ពុជានឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនៅតែជាភាពជាដៃគូ ដ៏យូរអង្វែងនាពេលអនាគត់ ជាពិសេស តាមរយៈវិស័យកីឡា និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យកាន់តែរឹងមាំនាពេលអនាគត់។

អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា មន្រ្តីកីឡាចំនួន ៧ រូបរួមមានរូបលោកស្រី លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក ព្រមទំាងមន្រ្តីសហព័ន្ធកីឡាជាតិទៀត។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ៖លី ភីលីព

Most Popular

To Top