កីឡា

គ្រូបង្វឹកកូរ៉េខាងត្បូង លាលែងពីតំណែង បន្ទាប់ពីការធ្លាក់ពី World Cup មុនកាលកំណត់បានបង្កឲ្យមានការរិះគន់ យ៉ាងខ្លាំងពីប្រធានាធិបតី

សេអ៊ូល ៖ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Hong Myung-bo បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup យ៉ាងឆាប់រហ័ស របស់ក្រុមនេះបាននាំមកនូវការរិះគន់យ៉ាងខ្លាំង ពីប្រធានាធិបតីនៃប្រទេសនេះ ដែលបានហៅគ្រូបង្វឹករូបនេះថា “អសមត្ថភាព” និងបានបញ្ជាឲ្យមានការពិនិត្យឡើងវិញ ទាំងស្រុងនូវកម្មវិធីក្រុមជម្រើសជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

កូរ៉េខាងត្បូងបានឈ្នះការប្រកួត បើកឆាករបស់ខ្លួនទល់នឹងសាធារណរដ្ឋឆែក បន្ទាប់មកបានចាញ់ការប្រកួតពូល A ពីរលើកបន្ទាប់របស់ខ្លួនទល់ នឹងអាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក។ កូរ៉េខាងត្បូងសង្ឃឹមថា ខ្លួននឹងមានសិទ្ធិឡើងទៅវគ្គបន្ទាប់ ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ ៣ បានឡើងទៅវគ្គបន្តសមម្រាប់ការប្រកួតនៅឆ្នាំនេះ ។ នោះបានបញ្ចប់នៅពេលកុងហ្គោបានយកឈ្នះអ៊ូសបេគីស្ថាន ៣-១ កាលពីថ្ងៃសៅរ៍។

ការចាកចេញយ៉ាងឆាប់រហ័សសម្រាប់ក្រុមដែលរំពឹងថានឹងឡើងទៅវគ្គបន្តបានធ្វើឲ្យកម្មវិធីក្រុមជម្រើសជាតិស្ថិតក្នុងភាពចលាចល និងទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រធានាធិបតី Lee Jae Myung។ លោកបានធ្វើឲ្យមានការរិះគន់ចំៗទៅលើគ្រូបង្វឹក។

ប្រធានាធិបតីបាននិយាយថា ក្នុងនាមជាអតីតប្រធានក្លឹបបាល់ទាត់អាជីពកិត្តិយស និងជាសមាជិកម្នាក់នៃក្រុមបិសាចក្រហម ខ្ញុំមិនត្រឹមតែមានអារម្មណ៍ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះលទ្ធផលដែលមិននឹកស្មានដល់នេះ។ លោកប្រធានាធិបតីបានរិះគន់រចនាសម្ព័ន្ធ និងការត្រួតពិនិត្យក្រុមជម្រើសជាតិ និងការតែងតាំងគ្រូបង្វឹកតាំងពីដំបូង។

លោកប្រធានាធិបតីបានបន្តថា ជាថ្មីម្តងទៀត វាត្រូវបានបញ្ជាក់ឱ្យឃើញថា ការសម្រេចចិត្តរបស់បុគ្គលិកកំណត់អ្វីៗគ្រប់យ៉ាង។ ប្រសិនបើភាពស្មោះត្រង់ និងបក្សពួកនិយមត្រូវបានឱ្យតម្លៃលើសពីសមត្ថភាព ហើយមនុស្សអសមត្ថភាពម្នាក់ត្រូវបានតែងតាំងជាអ្នកដឹកនាំ លទ្ធផលគឺអាចទស្សន៍ទាយបានដូចភ្លើង”។

លោក Hong អាយុ ៥៧ ឆ្នាំ បានប្រកាសលាលែងពីតំណែងជាមួយនឹងការសុំទោសដល់អ្នកគាំទ្រកូរ៉េ មុនពេលក្រុមចាកចេញពីជំរំមូលដ្ឋានរបស់ខ្លួននៅម៉ិកស៊ិក ជាកន្លែងដែលកូរ៉េខាងត្បូងបានលេងការប្រកួតទាំង ៣ នៃពូល។ លោក Hong ស្ថិតក្នុងអាណត្តិទីពីររបស់គាត់ជាមួយក្រុមជម្រើសជាតិ។ លោកជាគ្រូបង្វឹកក្នុងព្រឹត្តិការណ៍ World Cup 2014 នៅប្រេស៊ីល នៅពេលកូរ៉េខាងត្បូងក៏បានបរាជ័យក្នុងការឡើងដល់វគ្គចែកពូលផងដែរ។

លោក Hong បានបន្តថា ចំពោះប្រជាជនកូរ៉េទាំងអស់ដែលស្រឡាញ់ និងគាំទ្រក្រុមជម្រើសជាតិរបស់យើង ខ្ញុំសូមអភ័យទោសដោយស្មោះ។ ថ្ងៃនេះ ខ្ញុំចង់ប្រកាសថា ខ្ញុំនឹងចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ៕

Most Popular

To Top