អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់អាហ្វ្រិកចំនួន ៩ បានឡើងដល់វគ្គជម្រុះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “FIFA World Cup 2026” ដោយបង្កើតកំណត់ត្រាថ្មីសម្រាប់ទ្វីបមួយនេះ។
អាល់ហ្សេរី កាបូវែរ កូតឌីវ័រ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប ហ្គាណា ម៉ារ៉ុក សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង សុទ្ធតែបានឡើងពីវគ្គចែកពូល ។ សេវាសារព័ត៌មានរបស់សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បាននិយាយកាលពីថ្ងៃអាទិត្យថា នេះជាលើកដំបូងហើយដែល ៩០ភាគរយនៃក្រុមជម្រើសជាតិអាហ្វ្រិក បានឡើងដល់វគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup។
លោក Patrice Motsepe ប្រធាន CAF បានអបអរសាទរក្រុមទាំង ៩ ក្រុម បានឡើងដល់វគ្គជម្រុះ ដោយហៅការឡើងដល់វគ្គជម្រុះរបស់ពួកគេថា “រកបានដោយលំបាក និងសមនឹងទទួលបាន” ។ លោក Motsepe បានបន្តថា កីឡាករ និងក្រុមបច្ចេកទេសបានធ្វើឲ្យប្រទេសនីមួយៗ របស់ពួកគេមានមោទនភាព ហើយក៏ធ្វើឲ្យប្រជាជន ១.៦ ពាន់លាននាក់នៅលើទ្វីបអាហ្វ្រិក និងនៅឌីអាស្ប៉ារ៉ាមានមោទនភាព។
ម៉ារ៉ុក ជាក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងត្រូវប្រកួតជាមួយហូឡង់នៅថ្ងៃទី៣០ ខែមិថុនា។ រហូតមកដល់ពេលនេះក្នុងការប្រកួតនេះ ពួកគេបានស្មើជាមួយប្រេស៊ីល មុនពេលយកឈ្នះស្កុតឡេន និងហៃទី។ នៅថ្ងៃដដែលនោះ កូតឌីវ័រ ត្រូវប្រកួតជាមួយន័រវែស។ ប្រទេសនេះបានឡើងទៅវគ្គបន្តបន្ទាប់ពីទទួលបានជ័យជម្នះលើអេក្វាឌ័រ និងគូរ៉ាសាវ ទោះបីជាចាញ់អាល្លឺម៉ង់ក៏ដោយ៕
