កីឡា

លោកដួង មាសចំរើន ៖ កម្មវិធីនេះផ្តល់ឱកាសមាសដល់កុមារ និងយុវជនតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចូលរួមលេងកីឡា

ខេត្តស្ទឹងត្រែង ៖ លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ពិធីបើកកម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាម រយៈការប្រកួតកីឡាអត្តពលកម្ម កុមារ និងយុវជននៅកម្ពុជាក្នុង ខេត្តស្ទឹងត្រែង ដែលរៀបចំដោយសហព័ន្ធខ្មែរអត្តពល កម្មស្ម័គ្រចិត្តសហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តខេត្តស្ទឹងត្រែង ។

លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានមានប្រសាសន៍ថា លោកសូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូកីឡា លោកគ្រូ-អ្នកគ្រូបង្វឹក ជាពិសេសសិស្សានុសិស្ស កីឡាករ-កីឡាការិនីទាំងអស់បានខិតខំហ្វឹកហាត់ និងចូលរួមប្រកួតក្នុងគោលបំណងរួមគ្នាគឺលើកកម្ពស់វប្បធម៌កីឡាអត្តពលកម្មក្នុងចំណោមកុមារ និងយុវជននៅកម្ពុជា។ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាការបោះជំហានទៅមុខប្រកបដោយមោទនភាព និងជាលើកទី៣ ហើយបន្ទាប់ពីការរៀបចំប្រកបដោយជោគជ័យនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ កាលពីឆ្នាំ២០២៥ កន្លងទៅ។

លោកប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងដណ្តើមមេដាយធម្មតានោះទេ ប៉ុន្តែវាគឺជាសក្ខីភាព នៃការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការវិនិយោគ និងអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយតាមរយៈ វិស័យកីឡា។ ចាប់ពីឆ្នាំ២០២៦ នេះ និងឆ្នាំ ខាងមុខៗទៀត សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងបន្តពង្រីកវិសាលភាពកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្តទូទាំងប្រទេស ដោយផ្តល់ឱកាសមាសដល់កុមារ និងយុវជនដែលមានអាយុចន្លោះពី ៦ ឆ្នាំ ដល់ ១៨ ឆ្នាំ មកពីតាម បណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា បានចូលរួមលេងកីឡា បញ្ចេញសមត្ថភាព និងបង្ហាញ ទេពកោសល្យពីធម្មជាតិរបស់ពួកគេ។

លោកដួង មាសចំរើន បានបញ្ជាក់ថា ដើម្បីឲ្យកម្មវិធីអភិវឌ្ឍន៍នេះមានចីរភាព និងគុណភាពខ្ពស់សហព័ន្ធបានដាក់ចេញនូវ មាសធាតុសំខាន់ៗចំនួន ២ គឺការបណ្តុះបណ្តាលធនធានបច្ចេកទេស៖ យើងផ្តោតសំខាន់លើការបណ្តុះបណ្តាល បង្កើនសមត្ថភាពដល់លោកគ្រូ អ្នកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេសនៅមូលដ្ឋាន ដើម្បីឲ្យពួកគាត់មានចំណេះដឹងស្តង់ដារ ការណែនាំ តម្រង់ទិស និងហ្វឹកហាត់ដល់ អត្តពលិកវ័យក្មេងបានត្រឹមត្រូវតាមបច្ចេកទេសខ្នាតអន្តរជាតិ។

ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ៖ ដោយមានការឧបត្ថម្ភគាំទ្រពី សប្បុរសជន និងដៃគូផ្តល់មូលនិធិ គម្រោងនេះបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ចាប់តាំងពីការធ្វើដំណើរ ការដឹកជញ្ជូនអត្តពលិក ការគ្រប់គ្រងការប្រកួត ការផ្តល់ ឧបករណ៍កីឡាខ្នាតស្តង់ដារ ការរៀបចំនិងតុបតែងទីលាន រហូតដល់មេដាយ និងពានរង្វាន់។ ការវិនិយោគទាំងនេះ នឹងជួយបង្កើតកម្មវិធីអត្តពលកម្មមួយដែល មានភាពរស់រវើក មានការចូលរួមបរិយាបន្ន និងមានចីរភាពយូរអង្វែង សម្រាប់បម្រើ ដល់សាលារៀន និងសហគមន៍ផ្ទាល់។

ក្រៅពីការប្រកួតប្រជែងយកជ័យជម្នះ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានចក្ខុវិស័យវែងឆ្ងាយ ជាងនេះទៅទៀត។ កីឡា អត្តពលកម្ម គឺជាមេនៃកីឡាទាំងពួង។ ការលេងកីឡា នឹងជួយក្មួយៗឲ្យមាន សុខភាពរាងកាយមាំមួន បណ្តុះស្មារតីការងារជាក្រុម ភាពអត់ធ្មត់ វិន័យខ្លួនឯង និងការគោរពគ្នាទៅវិញ ទៅមក។ ទីលានប្រកួតនៅថ្ងៃនេះ អាចជាចំណុចចាប់ផ្តើមនៃដំណើរជីវិតជាអត្តពលិកឆ្នើមរបស់ក្មួយៗ ហើយសហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗមួយចំនួននៅទីនេះ នឹងក្លាយជាតំណាងជម្រើសជាតិដ៏មាន សក្តានុពល នាំយកមោទនភាព និងឧត្តមភាពជូនជាតិមាតុភូមិ នាពេល អនាគត។ សូមក្មួយៗប្រកួតដោយបញ្ចេញអស់ពីសមត្ថភាព និងប្រកាន់ខ្ជាប់នូវស្មារតីកីឡា “Fair Play” ៕

Most Popular

To Top