កីឡា

លោក ប៊ូ ជុំសេរី ៖ សិក្ខាសាលាគោលបំណង ក្នុងផ្សព្វផ្សាយខ្លឹមសារ ទស្សនវិជ្ជា គោលការណ៍ និងរចនាសម្ព័ន្ធ នៃសៀវភៅ សិក្សាគោលមុខវិជ្ជា អប់រំកាយ និងកីឡា

ខេត្តព្រះសីហនុ ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព បើកវគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អប់រំ យុវជន និងកីឡា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត និងលោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ។

លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត បានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅខេត្តព្រះសីហនុ មារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមសរុបចំនួន៤៦នាក់ ក្នុងនោះស្រី៧នាក់ ហើយសិក្ខាសាលាធ្វើឡើងគោលបំណងដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

លោកប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតបានបន្តថា ផ្សព្វផ្សាយខ្លឹមសារ និងរចនាសម្ព័ន្ធសៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡា ហើយណែនាំវិធីប្រើប្រាស់សៀវភៅ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងការបង្រៀន និង ពង្រឹងសមត្ថភាពមន្ត្រីអប់រំ និងគ្រូបង្រៀនក្នុងការអនុវត្ត តាមបំណែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ និងកម្មវិធីសិក្សាលម្អិត រៀបចំកិច្ចតែងការបង្រៀន និង ការកត់ត្រាទិន្នន័យតេស្តកាយសម្ពទា និងការអនុវត្តទៅ តាមខ្លឹមសារមុខវិជ្ជារង និងមេរៀននីមួយៗ ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅគ្រឹះស្ថានសិក្សា រៀបចំឡើងក្នុងបរិបទដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការកែលម្អគុណភាពអប់រំឱ្យស្របតាមទិសដៅកំណែទម្រង់វិស័យអប់រំ និងការកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សីលធម៌ និងការប្រកួតប្រជែងក្នុងសតវត្សរ៍ទី២១។ ក្នុងបរិបទនេះ ការរៀបចំ និងដាក់ឱ្យអនុវត្ត សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ឆ្នាំ២០២៦ គឺជាជំហានដ៏សំខាន់មួយ ក្នុងការធានាឱ្យមានស្តង់ដារួមសម្រាប់ការបង្រៀន និងការរៀននៅគ្រប់គ្រឹះស្ថានសិក្សា។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមានផ្សព្វផ្សាយខ្លឹមសារ ទស្សនវិជ្ជា គោលការណ៍ និងរចនាសម្ព័ន្ធនៃសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា ឆ្នាំ២០២៦។ បង្កើនការយល់ដឹង និងពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំ គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ក្នុងការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជា អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សាឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។

អនុរដ្ឋលេខាធិការ បានបន្តថា ការណែនាំអំពី ស្តង់ដាគំរូ (Model Standards) សម្រាប់ការរៀបចំផែនការបង្រៀន ការអនុវត្តការបង្រៀន ការវាស់វែង និងការវាយតម្លៃលទ្ធផលសិក្សា ឱ្យមានឯកភាព និងគុណភាពនៅទូទាំងប្រទេស។ លើកកម្ពស់ការអនុវត្តកម្មវិធីសិក្សាដែលផ្តោតលើសមត្ថភាពសិស្ស ការចូលរួមយ៉ាងសកម្ម ការគិតវិភាគ ការសហការ និងការអនុវត្តជាក់ស្តែង។
បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករម្លែកឧត្តមបទអនុវត្តរវាងថ្នាក់ដឹកនាំ អ្នកជំនាញ និងគ្រូបង្រៀន ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតាមគ្រឹះស្ថានសិក្សា៕

Most Popular

To Top