កីឡា

លោក ណុប វណ្ណថារ៉ូ ដឹកនាំក្រុមអត្តពលិកការ៉ាតេកម្ពុជា ចូលរួមពិធី និងទទួលទានអាហារសាមគ្គី នៃការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅវៀតណាម

ភ្នំពេញ ៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជាចូលរួមពិធី និងទទួលទានអាហារសាមគ្គី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានតាមអនឡាញវៀតណាមថា​  ការប្រកួត“ The 13th South East Asian Karate Championship 2026” ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាចូលរួមប្រកួត និងបង្ហាញសមត្ថភាព បន្ទាប់ពីការប្រឹងប្រែងហ្វឹកហាត់អស់ពេលជិតឆ្នាំកន្លងមក ជាមួយគ្រូបង្វឹកបរទេស និងគ្រូបង្វឹកខ្មែរ។ សហព័ន្ធចាត់ទុកនេះ ជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេ​កទេសកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមការ ប្រកួតកីឡាអាស៊ី លើកទី ២០ នៅប្រទេសជប៉ុន នាខែកញ្ញាខាងមុខ។
 
សហព័ន្ធកីឡាការ៉ាតេកម្ពុជា ត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជា លក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡា ការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាការ៉ាតេ លោក លោក ប៉ែន រតនា អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កញ្ញា ជា ថារី អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។

កញ្ញា អ៊ីវ សម្ជស្ស អាជ្ញាកណ្តាល ចៅក្រម លោក យ៉េក លីអេង អាជ្ញាកណ្តាល ចៅក្រម លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ ចំណែកលោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន​ ៩ រូប លោក គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនីចំនួន ​២៥ រូប ក្នុងនោះកីឡាការិនីចំនួន​៧ រូប និងកីឡាករ ១៨ រូប​។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាការ៉ាតេ បានបញ្ជាក់ថា មុនចេញចូលរួមការ​ ប្រកួតកីឡាការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា ទទួលបានសម្ភារៈប្រកួត ដែលជាការឧបត្ថម្ភរបស់លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕

Most Popular

To Top