ខេត្តកំពង់ឆ្នាំង៖នាថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញអធិបតីបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំកីឡា មន្ត្រីកីឡា និងគ្រូកីឡា ដែលមានចំនួនចូលរួម ៣០នាក់ មកពីគ្រឹះស្ថានសិក្សានានាជុំវិញខេត្ត ចំពោះវគ្គសិក្សានេះ ចាប់ផ្តើមពីថ្ងៃទី៦ និងបានបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ។

ក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡាសម្រាប់មន្ត្រីកីឡាខេត្តកំពង់ឆ្នាំងក៏មានការចូលរួមលោកណយ ផាណា អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ូវ តឿ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង លោក ឯម ហៀង ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក និង សារុន ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកំពង់ឆ្នាំង។

យោងតាមផែនការកម្មវិធីប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដោយមានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីអង្គការសាមគ្គីអូឡាំពិក អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត កំពង់ឆ្នាំង រៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា ឆ្នាំ២០២៦នេះ សម្រាប់មន្ត្រីដឹកនាំកីឡា គ្រូបង្វឹក និងជាគ្រូអប់រំកាយ និងកីឡា ដែលកំពុងបម្រើការងារកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡា និងនៅតាម បណ្តាគ្រឹះស្ថានសិក្សានានានាតាមបណ្តាខេត្ត ។

វគ្គសិក្សានេះបង្រៀនដោយគ្រូឧទ្ទេស ៥ រូប រួមមានលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡា អមគណៈកម្មាធិ ជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី វេជ្ជសាស្ត្រ កីឡា ភោជ្ជនាអាហារ និងភេសជ្ជៈ សម្រាប់កីឡាករ កីឡាការិនី ការពាររបួសក្នុងកីឡា និងការសង្គ្រោះបឋម។ លោក ឯម ហៀង ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី ការរៀបចំព្រឹត្តិការណ៍កីឡាមួយ និងការរៀបចំ រូបមន្ត នៃការប្រកួតកីឡា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាម ស្តីពី ប្រវត្តិ និងមូលដ្ឋានគ្រឹះ នៃចលនាអូឡាំពិក គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក រចនាសម្ព័ន្ធកីឡា ជាតិ និងអភិបាលកិច្ចល្អ ។ លោក ណយ ផាណា អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី ការលេងដោយយុត្តិធម៍ (Fair Play) ការកំណត់អត្តសញ្ញាណទេពកោសល្យឬនិស្ស័យ (កីឡាករ) និង ផែនការណ៍ធ្វើដំណើរ របស់គណៈប្រតិភូ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី អត្ថប្រយោជន៍អប់រំកាយ និងកីឡា និងឥទ្ធិពល ព្រឹត្តិកាណ៍ក្នុងសង្គមជាតិ រចនាសម្ព័ន្ធវិស័យកីឡាជាតិ ផែនការកម្មវិធីហ្វឹកហាត់កីឡា ភាពជាអ្នកដឹកនាំ៕
ដោយ៖លី ភីលីព
