ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នារំលងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ ក្រុមប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា សរុប ៤៧ រូប ក្រោមដឹកនាំពីសំណាក់លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា នឹងដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ក្នុងនោះ មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ២១ គ្រឿង ជាលទ្ធផលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមប្រទេសចូលរួម២៥ និងទទួលបានពានរង្វាន់ប្រចាំប្រទេសចំណាត់ថ្នាក់លេខ ២ ក្នុងកម្រិតការប្រកួតអាយុ១៨ ដល់៣៤ឆ្នាំ។

ប្រទេសកម្ពុជាបាន ទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការគាំទ្រ ជាឯកច្ឆន្ទ ក្នុងការដណ្ដើមយក សិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។ កិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ មានប្រទេស បេក្ខភាពចំនួន ៣ ដែលបានដាក់ពាក្យ ស្នើសុំធ្វើជាម្ចាស់ផ្ទះ រួមមាន ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan) ប្រទេសកៀគីស្ថាន (Kyrgyzstan) និង ព្រះរាជាណាចក្រកម្ពុជា (Cambodia)

ដោយមើលឃើញពីភាពជោគជ័យយ៉ាងខ្លាំង កាលពីការរៀបចំការប្រកួតជើង ឯកអាស៊ីអាគ្នេយ៍កន្លងមក ដែលបង្ហាញពីសមត្ថភាពរៀប ចំកម្រិតខ្ពស់ និងភាពរៀបរយឥតខ្ចោះនោះ បានធ្វើឲ្យបណ្តាប្រទេស សមាជិកក្នុងតំបន់អាស៊ីទាំងអស់ សម្តែងនូវការកោតសរសើរ និងផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹង ដោយបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទ ឲ្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ី ឆ្នាំ២០២៨ នេះតែម្តង។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេង សម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូល របស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ៕










