ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធ កីឡាតេក្វាន់-ដូITFកម្ពុជានាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំក្រុមប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានមេដាយ ៤១ គ្រឿង នៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី ចូលជួបសម្តែងការគួរសម លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅស្តីទីការក្រសួងរៀបចំដែនដី ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំប្រតិភូសហព័ន្ធកីឡាទាំងអស់ ជាពិសេសកីឡាតេក្វាន់-ដូ ITF ដែលខិតខំលើកស្ទួយវិស័យកីឡានៅកម្ពុជា និងអរគុណដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលទន្ទឹមនឹងចំណង់ចំណូលចិត្ត គឺមានទឹកចិត្តខិតខំ និងលះបង់ដើម្បីវិស័យកីឡា ។

លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបន្តថា ពីនេះទៅមុខ យើងរួមគា្នសាកល្បងផ្នត់ គំនិតថ្មីលើវិស័យកីឡា ដោយធ្វើឲ្យកីឡារស់ នៅជាមួយយើងជារៀងរហូត ស្របតាមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ដោយផ្តើមការគិតគូរ លើការធានាថា កម្ពុជាអាចរស់បានដោយឯករាជ្យម្ចាស់ការ និងធានាថា ប្រជាជនកម្ពុជារួមទាំងអ្នកកីឡា មានដំបូលលើក្បាល ម្ហូបលើតុ មានការងារធ្វើ មានប្រាក់ចំណូល កូនទៅរៀន មានពេលលំហែ នោះនឹងបង្កលក្ខណៈ ឲ្យទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ កាន់តែលេចឡើងក្នុងកម្រិតមួយកាន់តែច្រើន ដែលវាក៍ផ្សារភ្ជាប់ជាមួយនឹងការផ្តើមពីការអប់រំកុមារតូច ដោយរៀបចំថ្នាក់រៀនឲ្យបានស្រឡះ បន្ទប់ទឹកស្អាតបាត និងទីធ្លាសម្រាប់លេងនិងលំហែ ដើម្បីពង្រឹងកាយសម្បទា និងកសាងទំនាក់ទំនង ផ្នត់គំនិត ព្រមទាំងទម្លាប់នៃការរស់នៅ ។

ជំនួបសម្ដែងការគួរសមជាមួយប្រតិភូ កីឡាសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សហព័ន្ធកីឡាឡើងភំ្នកម្ពុជា និងសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ចំណែកក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ក្នុងនោះ មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ២១ គ្រឿង ជាលទ្ធផលកម្ពុជាជាប់ចំណាត់ ថ្នាក់លេខ ៥ ក្នុងចំណោមប្រទេសចូលរួម២៥ និងទទួលបានពានរង្វាន់ប្រចាំ ប្រទេសចំណាត់ថ្នាក់លេខ ២ ក្នុងកម្រិតការប្រកួតអាយុ១៨ ដល់៣៤ឆ្នាំ៕








