កីឡា

លោក ប៉ុន សុខ ដឹកនាំកិច្ចប្រជុំវាយតម្លៃលើអត្តពលិកកីឡាកាយវប្បកម្មដណ្តើមមេដាយនៃការប្រកួតជើងឯកពិភពលោក

ភ្នំពេញ៖នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើលក្ខណៈបច្ចេកទេស គ្រូបង្វឹក និងគ្រូជំនួយ និងកីឡាករ-កីឡាការិនី ដែលទទួលមេដាយក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONS HIPS) នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី និងក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាសូហ្វតេន្និសពិភពលោកលើកទី១៦ ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា។ 

ក្នុងកិច្ចប្រជុំវាយតម្លៃដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ា វណ្ណៈ អគ្គនាយករង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន  លោកប្រធានការិយាល័យ អនុប្រធានការិយាល័យនៃនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងអ្នកតំណាងសហព័ន្ធកីឡាសូហ្វតេន្និសកម្ពុជា។ 

កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ ដណ្តើមបានមេដាយសំរឹទ្ធ ១ គ្រឿងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៦ ឆ្នាំ២០២៥ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ។ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ សរុប ៤ នាក់ចូលរួម លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖លី ភីលីព

Most Popular

To Top