កីឡា

លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមាន ដឹកនាំក្រុមអត្តពលិកក្លិបការ៉ាតេដូ ហនុមាន និង ក្លិបរស្មីព្រះអាទិត្យចូលរួម Laos Vientiane Open karate 2026 នៅប្រទេសឡាវ

ខេត្តកណ្តាល ៖អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមាន ប្រធានប្រតិភូ និងសមាជិកសព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧកញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លិបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦ បានជូនដំណើរប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីការ៉ាតេដូ ចំណុះក្លិប ក្លិបការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យដែលតំណាងប្រទេសកម្ពុជាចំនួន ១៩រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានរយៈពេល ៤ ថ្ងៃ។

លោក ថាំង វិបុល គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នេះ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីការ៉ាតេដូ ចំណុះក្លិប ក្លិបការ៉ាតេដូ ហនុមាន និង ក្លិបរស្មីព្រះអាទិត្យដែលតំណាងប្រទេសកម្ពុជាចំនួន ១៩ រូបបានចូលរួមដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ មកពីក្លិបការ៉ាតេដូ ហនុមាន ចំនួន ១៤ រូប និងកីឡាករ-កីឡាការិនីការ៉ាតេដូមកពីក្លិបរស្មីព្រះអាទិត្យ៣រូប។

លោក ថាំង វិបុល បានបន្តថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ រួមមានលោក ដែក ភារៈ ជាគ្រូបង្វឹក លោក ថាំង វិបុល គ្រូជំនួយ កីឡាករជម្រើសជាតិ ជឺ ម៉េងធៀង កីឡាករជម្រើសជាតិ រ៉ម សំណាង កីឡាករជម្រើសជាតិ ស្រៀង ម៉េងហៀង កីឡាករជម្រើសជាតិ ងួន សុខក្រៃលែង និងកីឡាករជម្រើសជាតិ ហៀម ដារ៉ូ ។
កីឡាករជម្រើសជាតិ អ៊ុន គីមហុង កីឡាករជម្រើសជាតិ ដែក សុវណ្ណរតនៈ កីឡាករជម្រើសជាតិ ឈុន ភារុន កីឡាការិនីសហព័ន្ធ ជឺ ស៊ូអ៊ីង កីឡាការិនីជម្រើសជាតិ វ៉ាន់ ចរិយា និងកីឡាការិនីជម្រើសជាតិ លីម សុខវិច្ឆិកា ។
ចំណែកកីឡាករ-កីឡាការិនីការ៉ាតេដូមកពីក្លិបរស្មីព្រះអាទិត្យ ៣ រូប ដូចជា កីឡាករសហព័ន្ធ ឡាយ ជីងលី កីឡាករសហព័ន្ធ កែវ យ៉ានុត និងកីឡាការិនីសហព័ន្ធ សាមឿន វិសាល៕
ដោយ៖លី ភីលីព

Most Popular

To Top