ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាការិនីហែលទឹកពាក់ជើងទាចំនួន ២ រូប ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹកពាក់ជើងទា យុវជនអាស៊ី នៅទីក្រុង Haian ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យដឹងតាមអនឡាញថា សហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាការិនី ហែលទឹកពាក់ជើងទាចំនួន ២ រូប គឺលោក ហែម ថុនពន្លឺ គ្រូបង្វឹក និងកីឡាការិនី លឹម សុខគន្ធពណ៌ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាយុវជនអាស៊ី “2026 CMAS Asian Cham pionship Finswimming Indoor Juniors” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Haian ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។

លោក អគ្គលេខាធិការ បានបន្តថា ការចូលរួមនេះ ជាឱកាសដ៏មានសារសំខាន់ សម្រាប់កីឡាការិនីកម្ពុជា ក្នុងការទទួលបាន បទពិសោធន៍ និងលើកកម្ពស់សមត្ថភាព ក្នុងការប្រកួតកម្រិតអន្តរជាតិ ជាពិសេសពង្រឹង សមត្ថភាពកីឡាការិនីហែលទឹកពាក់ជើងទាវ័យក្មេងឲ្យឈានចូលកម្រិតទ្វីប និងកម្រិតពិភពលោក៕
ដោយ៖លី ភីលីព

