ឡុងដ៍៖ បញ្ជីឈ្មោះបេក្ខភាពដណ្តើមពានរង្វាន់ Ballon d’Or ឆ្នាំ២០២៦ ត្រូវបានប្រកាសជាផ្លូវការហើយ ដោយទស្សនាវដ្តី France Football និងសារព័ត៌មាន L’Equipe។ នៅក្នុងនោះ កីឡាករចំនួន ៥ រូបមកពីលីគកំពូលអង់គ្លេស (Premier League) បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយ ៣០ រូបសម្រាប់ពានរង្វាន់បុគ្គលដ៏ឆ្នើមបំផុតក្នុងពិភពបាល់ទាត់មួយនេះ ខណៈដែលក្លិប និងបុគ្គលិកក្នុង Premier League សរុបទទួលបានការតែងតាំងក្នុងពានរង្វាន់ផ្សេងៗរហូតដល់ ១៣ វិញ្ញាសា នេះបើតាមការចេញផ្សាយពី premierleague។
បេក្ខភាពកីឡាករឆ្នើម Ballon d’Or ពី Premier League
១. ដេឃ្លែន រ៉ាយស៍ (Declan Rice), កាប្រៀល ម៉ាហ្គាល់ហាអេស (Gabriel Magalhaes) និង វីលៀម សាលីបា (William Saliba) បីរូបមកពីក្លិប Arsenal ដែលជាម្ចាស់ជើងឯក Premier League រដូវកាលមុន។
២. អឺលីង ហាឡាន់ (Erling Haaland) ខ្សែប្រយុទ្ធរបស់ Manchester City ដែលបានស៊ុតបញ្ចូលទី ៥៨ គ្រាប់ក្នុង ៦៤ ប្រកួតសម្រាប់ក្លិប និងជម្រើសជាតិ។
៣. ប្រ៊ូណូ ហ្វឺណាន់ដេស (Bruno Fernandes) ខ្សែបម្រើប្រយុទ្ធរបស់ Manchester United ដែលបានបង្កើតកំណត់ត្រាបញ្ជូនបាល់ឱ្យដៃគូស៊ុត (Assists) រហូតដល់ ២១ លើកក្នុងមួយរដូវកាល Premier League។
បេក្ខភាពក្នុងពានរង្វាន់សំខាន់ៗផ្សេងទៀត
ពានរង្វាន់គ្រូបង្វឹកឆ្នើម (Men’s Coach of the Year): លោក Mikel Arteta (Arsenal) និងលោក Unai Emery (Aston Villa) មានឈ្មោះក្នុងបញ្ជីប្រជែង។
ពានរង្វាន់អ្នកចាំទីឆ្នើម (Yashin Trophy): David Raya (Arsenal) និង Emiliano Martinez (Chelsea) ស្ថិតក្នុងបញ្ជីបេក្ខភាព។
ពានរង្វាន់កីឡាករវ័យក្មេងឆ្នើម Kopa Trophy (អាយុក្រោម ២១ ឆ្នាំ): រួមមានកីឡាករ Junior Kroupi (Bournemouth), Johan Manzambi (Aston Villa) និង Ayyoub Bouaddi (Manchester City)។
ពានរង្វាន់ក្លិបប្រចាំឆ្នាំ (Men’s Club of the Year) ក្លិប Arsenal ត្រូវបានបេក្ខភាពសម្រាប់ពានរង្វាន់នេះ បន្ទាប់ពីឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League។
បញ្ជីឈ្មោះបេក្ខភាពត្រូវបានជ្រើសរើសដោយក្រុមអ្នកសារព័ត៌មាននៃទស្សនាវដ្តី France Football និង L’Equipe ហើយការបោះឆ្នោតសម្រេចចុងក្រោយ នឹងធ្វើឡើងដោយអ្នកសារព័ត៌មានតំណាងឱ្យប្រទេសទាំង ១០០ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងតារាង FIFA។
ពិធីប្រគល់ពានរង្វាន់ Ballon d’Or លើកទី ៧០ នេះ នឹងប្រារព្ធឡើងនៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ប្រែសម្រួល៖ គីរី
