កីឡា

លោក កែ ប៊ុនខៀង ៖ ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាដ៏មានសារសំខាន់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យ សម្រាប់វិស័យកីឡាកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និង បទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨” ដែលរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិត្ថិកីឡា។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឲ្យកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារសំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យសម្រាប់វិស័យកីឡាកម្ពុជា ព្រមទាំងជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសមត្ថភាព សក្តានុពល និងកិត្យានុភាពរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។

លោកបានបន្តថា ដោយផ្អែកលើបរិបទនៃការរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអង្គភាពជំនាញ និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ជាសេនាធិការ បាននិងកំពុងជំរុញកំណែទម្រង់យ៉ាងស៊ីជម្រៅលើការងារកីឡានៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ចាប់តាំងពីការរៀបចំកម្មវិធីហ្វឹកហាត់កីឡាក្រៅម៉ោងសិក្សា រហូតដល់ការរៀបចំការប្រកួតកីឡាគ្រប់កម្រិត។ ចាប់តាំងពីបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានបំពេញតួនាទីជាសេនាធិការជូនក្រសួងអប់រំ យុវជន និងកីឡា និងបានបញ្ជូនក្រុមកីឡាសិស្ស និស្សិតកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើ ៣ ចំណុចធំ។

លោករដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថាទោះបីជាកម្ពុជាមិនទាន់ ទទួលបានមេដាយ ក្នុងកម្រិតពិភពលោកនេះក្តី ការចូលរួមជាបន្តបន្ទាប់បានផ្តល់ នូវបទសោធន៍ដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីកីឡាកម្ពុជា ។ សមិទ្ធផលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់សិស្ស និស្សិត កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិ ព្រមទាំងបានរួមចំណែកលើក កម្ពស់កិត្យានុភាពរបស់គ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សារបស់កម្ពុជា នៅលើឆាកអន្តរជាតិ ។
ប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានលើកទឹកចិត្តដល់នាយក នាយករងបច្ចេកទេស និងតំណាងសហព័ន្ធកីឡាជាតិទាំង១៥ ឱ្យយកចិត្តទុកដាក់ និងត្រង់ត្រាប់ស្តាប់ការណែនាំរបស់គ្រូឧទ្ទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់ និងរួមសហការគ្នាក្នុងការតាក់តែង និងរៀបចំបទបញ្ជាបច្ចេកទេស សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ត្រឹមត្រូវ និងមានស្តង់ដារខ្ពស់បំផុត។

បញ្ជាក់ថា ការចូលរួម របស់សហព័ន្ធកីឡាជាតិទាំង ១៥ គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការធានាគុណភាពការងារបច្ចេកទេស និងជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានដ៏មានកិត្យានុភាពនេះ ព្រមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារខ្ពស់៕
ដោយ៖លី ភីលីព

Most Popular

To Top