កីឡា

ក្រុងឡុងដ៍ បរាជ័យក្រោមដៃ ទីក្រុងណៃរ៉ូប៊ី ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា អត្តពលកម្មពិភពលោកឆ្នាំ២០២៩

បរទេស៖ ទីក្រុងឡុងដ៍ (London) បានខកខានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកឆ្នាំ២០២៩ (2029 World Athletics Championships) បន្ទាប់ពីចាញ់ការដេញថ្លៃទៅលើទីក្រុងណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC Sport ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។

​ការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអត្តពលកម្មពិភពលោក (World Athletics) នៅទីក្រុង Budapest ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ដោយសារនេះជា លើកដំបូងបំផុតដែលទីក្រុងក្នុងទ្វីបអាហ្វ្រិក នឹងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ដ៏ធំមួយនេះ។

លោក Sebastian Coe ប្រធានស្ថាប័ន World Athletics បានមានប្រសាសន៍ថា ទីក្រុងណៃរ៉ូប៊ីបានបង្ហាញពីការដេញថ្លៃ “ដ៏គួរឱ្យទាក់ទាញ និងពោរពេញដោយមនោសញ្ចេតនា”។
​លោកបានបន្ថែមថា៖ “ការសម្រេចចិត្តនេះបង្ហាញពីបេសកកម្មរបស់យើងក្នុងការបន្តពង្រីកវិស័យកីឡាអត្តពលកម្មនៅទូទាំងពិភពលោក ដោយព្រឹត្តិការណ៍ ៣ លើកបន្ទាប់ នឹងត្រូវរៀបចំផ្លាស់ប្តូរគ្នានៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ វាជារឿងសំខាន់ដែលព្រឹត្តិការណ៍នេះត្រូវបាននាំយកទៅកាន់អាហ្វ្រិក នៅពេលដែលយើងមានម្ចាស់ផ្ទះស័ក្តិសម និងកាលៈទេសៈអំណោយផល។ ទីក្រុងណៃរ៉ូប៊ីពិតជាបានបង្ហាញយ៉ាងច្បាស់ថា នេះគឺជាពេលវេលារបស់ពួកគេ។”

សម្រាប់ការដេញថ្លៃរបស់ចក្រភពអង់គ្លេស គឺត្រូវបានដឹកនាំដោយសម្ព័ន្ធ Athletic Ventures ដោយបានស្នើប្រើប្រាស់កីឡដ្ឋាន London Stadium ដែលជាទឹកដីរបស់ក្លិប West Ham United។ កីឡដ្ឋាននេះក៏ធ្លាប់ជាទីតាំងរៀបចំកីឡាអូឡាំពិកឆ្នាំ២០១២ និងជើងឯកអត្តពលកម្មពិភពលោកឆ្នាំ២០១៧ ផងដែរ។

​លោក Jack Buckner នាយកប្រតិបត្តិ UK Athletics បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ប៉ុន្តែលោកក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់រដ្ឋាភិបាល អភិបាលក្រុងឡុងដ៍ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ។ លោកបានបញ្ជាក់ថា៖ “យើងសូមចូលរួមអបអរសាទរដល់ទីក្រុងណៃរ៉ូប៊ី និងជូនពរដល់គណៈកម្មាធិការ រៀបចំឱ្យទទួលបានជោគជ័យ យ៉ាងគគ្រឹកគគ្រេងនៅឆ្នាំ២០២៩។”

ប្រែសម្រួល៖ គីរី

Most Popular

To Top