បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង កណ្តាល និងការីប៊ីន (CONCACAF) បានសរសេរលិខិតរួមគ្នាមួយផ្ញើទៅកាន់លោក Gianni Infantino ដោយទាមទារឱ្យស្ថាប័ន FIFA ដកប្រាក់បម្រុងរបស់ខ្លួន យ៉ាងហោចណាស់ ១០លានដុល្លារ (ប្រមាណ ៧,៥លានផោន) ដើម្បីបើកផ្តល់ជូនដល់ សមាគមជាសមាជិកទាំង ២១១ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទៅ១៩ ខែកញ្ញា ឆ្នាំ២០២៦។
នេះគឺជាទំព័រថ្មីមួយទៀត នៃសង្គ្រាមពាក្យសម្តីរវាងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលទាំងនេះ ដែលកើតឡើង ជាការឆ្លើយតបទៅនឹងការលុបចោលវិញនូវសំណើលក់ភាគហ៊ុនឯកជន (Private equity) របស់ប្រធាន FIFA លោក Gianni Infantino ។ គម្រោងនោះមានឈ្មោះថា Fifa Forward Enterprise (FFE) ដែលមានបំណងបង្កើត ក្រុមហ៊ុនថ្មីមួយដើម្បីគ្រប់គ្រងសិទ្ធិពាណិជ្ជកម្ម និងការលក់សំបុត្រនៃការប្រកួតទាំងអស់ រួមទាំង World Cup ដោយមានបំណងលក់ភាគហ៊ុន ២១% ទៅឱ្យក្រុមហ៊ុនវិនិយោគ។ គំនិតនេះត្រូវបានលុបចោលវិញត្រឹមរយៈពេល ៤ថ្ងៃ ក្រោយរងការប្រឆាំងយ៉ាងខ្លាំងពីបណ្តាសមាគមជាតិ។
លិខិតដែលចុះហត្ថលេខាដោយប្រធាន UEFA លោក Aleksander Ceferin និងប្រធាន CONCACAF លោក Victor Montagliani បានគូសបញ្ជាក់ថា FIFA គ្រោងនឹងបិទបញ្ចប់អាណត្តិឆ្នាំ២០២៣-២០២៦ ជាមួយនឹងប្រាក់បម្រុងប្រមាណ ៦ពាន់លានដុល្លារ ដែលជាចំនួនធំធេងលើសពីតម្រូវការចាំបាច់រហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០។ ដូច្នេះ FIFA គួរតែបញ្ចេញទឹកប្រាក់យ៉ាងហោចណាស់ ១០លានដុល្លារ ដល់សមាជិកនីមួយៗសម្រាប់វដ្តឆ្នាំ២០២៧-២០៣០ ដើម្បីយកទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបាល់ទាត់។
ការបញ្ចេញកញ្ចប់ថវិកាបម្រុងនេះ នឹងត្រូវចំណាយសរុបប្រមាណ ២,១១ពាន់លានដុល្លារ ដែលជាប្រាក់ផ្តល់បន្ថែមពីលើមូលនិធិធម្មតា។
ស្ថាប័នទាំងពីរបានចោទសួរអំពីភាពចាំបាច់នៃគម្រោង FFE និងបានទាមទារឱ្យមាន “ការត្រួតពិនិត្យឯករាជ្យ” ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ FIFA ដោយអះអាងថា ធនធានរាប់ពាន់លានដុល្លារនេះជារបស់បាល់ទាត់ ហើយការអភិវឌ្ឍគឺជាការទទួលខុស ត្រូវជាស្ថាប័នរបស់ FIFA មិនមែនជាការសម្រេចចិត្ត តាមអំពើចិត្ត របស់បុគ្គលណាមួយឡើយ។
គួររំលឹកថា កាលពីគម្រោង FFE ត្រូវបានលាតត្រដាង លោក Infantino ធ្លាប់បានសន្យាថាសមាជិកនឹងទទួលបាន ៤០លានដុល្លារ ប្រសិនបើពួកគេគាំទ្រសំណើនេះ ដោយលោកបានកំណត់កាលបរិច្ឆេទត្រឹមថ្ងៃទី១៩ ខែកញ្ញា សម្រាប់ការយល់ព្រម ដើម្បីអាចទទួលបានប្រាក់លើកដំបូង ២០លានដុល្លារ។
ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA លោកស្រី Debbie Hewitt ក៏បានចេញមុខទាមទារឱ្យប្រធាន និងអគ្គលេខាធិការ FIFA បញ្ចេញរាល់ឯកសារពាក់ព័ន្ធនឹងគម្រោង FFE និងស្នើសុំការពន្យល់ជាលាយលក្ខណ៍អក្សរជុំវិញការលុបចោលការពិន័យព្យួរជើងខ្សែប្រយុទ្ធអាមេរិក Folarin Balogun នៅ World Cup ផងដែរ ដោយត្រូវប្រគល់ឯកសារទាំងអស់មុនកិច្ចប្រជុំក្រុមប្រឹក្សា FIFA នាថ្ងៃទី១៥ ខែតុលា ខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Infantino វ័យ ៥៦ឆ្នាំ នឹងឈរឈ្មោះបោះឆ្នោតជាលើកទី៤ នៅក្នុងខែមីនា ឆ្នាំក្រោយ ខណៈដែលបេក្ខភាពប្រកួតប្រជែង មានពេលត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ប៉ុណ្ណោះ ដើម្បីស្វែងរកបេក្ខជនមកប្រជែងតំណែងនេះ។
ប្រែសម្រួល៖ គីរី
