បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិអង់គ្លេស លោក Wayne Rooney ត្រៀមនឹងវិលត្រឡប់មកកាន់ស្ថាប័ន BBC វិញ ក្នុងនាមជាតួអង្គឯក នៃកម្មវិធីសំណួរ-ចម្លើយកីឡាបាល់ទាត់ (Football Trivia) ទម្រង់ថ្មីស្រឡាងមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៦។
អតីតប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះ នឹងត្រូវយកចំណេះដឹងដ៏ទូលំទូលាយ របស់ខ្លួនក្នុងវិស័យកីឡាបាល់ទាត់ មកធ្វើតេស្តប្រកួតប្រជែងជាមួយតារាល្បីៗជាច្រើនរូប នៅក្នុងកម្មវិធីដែលមានទម្រង់បែបថ្មីនេះ។
លោក Rooney ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញអត្តចរិតមួយជ្រុងទៀតរបស់លោក ទៅកាន់ទស្សនិកជន ខណៈដែលលោកកំពុងត្រៀមលេចមុខក្នុងកម្មវិធីទម្រង់ Podcast បែបវីដេអូថ្មីមួយ ដែលមានចំណងជើងថា «Can You Beat Wayne Rooney?» (តើអ្នកអាចយកឈ្នះ Wayne Rooney បានទេ?) ។
គួររំលឹកថា ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ វីរបុរសបាល់ទាត់រូបនេះ បានបង្ហាញវត្តមានជាញឹកញាប់ នៅលើកញ្ចក់ទូរទស្សន៍ ក្នុងនាមជាអ្នកវិភាគបាល់ទាត់ (Pundit) ដោយផ្តល់នូវការយល់ដឹងស៊ីជម្រៅផ្នែកកលល្បិច និងការវិភាគប្រកបដោយវិជ្ជាជីវៈខ្ពស់។ ប៉ុន្តែសម្រាប់គម្រោងថ្មីនេះ គឺជាការផ្លាស់ប្តូររសជាតិខុសប្លែកពីមុនទាំងស្រុង។
ជំនួសឲ្យការអង្គុយវិភាគការប្រកួតក្នុងស្ទូឌីយោ លោក Rooney នឹងក្លាយជាតួអង្គសំខាន់ ក្នុងការប្រកួតប្រជែងដែលយកការចងចាំ និងជំនាញរបស់លោក មកតទល់ជាមួយក្រុមភ្ញៀវកិត្តិយសល្បីៗ ដែលនឹងចូលរួមផ្លាស់ប្តូរមុខជាបន្តបន្ទាប់នៅក្នុងកម្មវិធី។
ប្រែសម្រួល៖ គីរី
