ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត “National Development Youth MAG Academy in Aerobic Level1-2 “និងបោះជំរំហ្វឹកហាត់Training Camp ប្រចាំឆ្នាំ២០២៦ ហើយវគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្លឹបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត ១-២ ប្រចាំឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២២នាក់ ក្នុងនោះស្រីមានចំនួន៧នាក់ មកពី៥ រាជធានី ខេត្តរួមមាន៖ ភ្នំពេញចំនួន៥នាក់ ក្រចេះចំនួន៤នាក់ ស្ទឹងត្រែងចំនួន១នាក់ កំពង់ចាមចំនួន១នាក់ និងខេត្តកំពង់ឆ្នាំងចំនួន១១នាក់ ក្រោមការប្រើប្រាស់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៦ ។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបន្ត វគ្គបណ្តុះបណ្តាលបច្ចេកទេស ដំណើរការទៅបាន ដោយឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងសហការជាមួយមន្ទីរអយក ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការអភិឌ្ឍនធនធានមនុស្សផ្នែកគ្រូបង្វឹកកីឡាកាយសម្ព័ន្ធរបស់សហព័ន្ធ៕
ដោយ៖លី ភីលីព









