ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Silvano Merced Lens សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអប់រំកាយ និងវិទ្យាសាស្ត្រកីឡា Manuel Fajardo ប្រទេសគុយបា និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជានៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងលោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកបណ្ឌិត Silvano Merced Lens និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងសកម្មរបស់ភាគីគុយបានាពេលកន្លងមក។ ទន្ទឹមនឹងនេះលោកបានគូសបញ្ជាក់ ពីទស្សនវិស័យជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ដោយផ្ដោតសំខាន់លើការជំរុញចលនាធ្វើលំហាត់ប្រាណ និងសកម្មភាពកាយសម្ព័ន្ធឲ្យស្រប និងផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍវិស័យកីឡាទូទាំងប្រទេស។

ចំណែកលោកបណ្ឌិត Silvano Merced Lens សាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជា។ គុយបាក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនសកម្មភាពរួមគ្នាក្នុងវិស័យអប់រំកាយ និងកីឡាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និង បានរំលេចនូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច សិក្សារបស់គណៈប្រតិភូកម្ពុជា ការចែករម្លែកបទពិសោធ លើការងារអប់រំកាយ និងកីឡា ព្រមទាំងបានលើកឡើងអំពីបំណងក្នុងការបន្តគាំទ្រ ដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងកីឡាករកម្ពុជានាពេលខាងមុខ៕






