កីឡា

វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិត National Development Youth MAG Academy in Aerobic Level 1-2 និងបោះជំរំហ្វឹកហាត់ Training Camp ប្រចាំឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ស៊ឹម ប្រិម ប្រធានមន្ទីរ អយក ខេត្តកំពង់ឆ្នាំ លោក មាស សារ៉េត អគ្គលេខាធិការរង សហព័ន្ធកីឡាកាយសម្ព័ន្ធ និងលោក នង សារុន ប្រធានការិយាល័យ អយក ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពីគ្រូបង្វឹកកម្រិតNational Development Youth MAG Academy in Aerobic Level1-2 និងបោះជំរំហ្វឹកហាត់Training Camp ប្រចាំឆ្នាំ២០២៦ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ២០រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្លឹបកីឡាកាយសម្ព័ន្ធបឋមសិក្សាសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ឆ្លងតាមការសិក្សាអស់រយៈពេល៥ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ ជាលទ្ធផលសិក្ខាកាមទទួលបានបច្ចេកទេសថ្មី គរុកោសល្យទំនើប និងបទពិសោធន៍អនុវត្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពបង្វឹក វិធីសាស្ត្រចលនា ការរៀបចំមេរៀនកីឡាកាយសម្ព័ន្ធជារបៀបស្តង់ដារ ភាពបត់បែន (Flexibility) កម្លាំងសាច់ដុំ (Strength) តុល្យភាព (Balance) និងបច្ចេកទេសការពារសុវត្ថិភាពពេលហ្វឹកហាត់ក្បាច់។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបន្តថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាម ២២នាក់ ក្នុងនោះស្រ្តី ៧ នាក់ និងកីឡាករ កីឡាការិនីវ័យក្មេង ៤៣នាក់ ។ដោយទទួលបានលទ្ធផល និទ្ទេសល្អ ចំនួន ១៣ នាក់ សើ្ម៥៩.០៩ ភាគរយ និទ្ទេសបង្គួរចំនួន ៥ នាក់ ស្មើ ២២.៧២ ភាគរយ និងនិទ្ទេសមធ្យមចំនួន ៤ នាក់ ស្មើ ១៨.១ ភាគរយ ៕
ដោយ៖លី ភីលីព

Most Popular

To Top