ណាហ្គូយ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសថៃ បានក្លាយជា ប្រទេសចុងក្រោយគេ ដែលបានរិះគន់យ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី “Aichi-Nagoya Asian Games” នៅប្រទេសជប៉ុន ដោយប្រៀបធៀបការប្រកួតទៅនឹងអ្នកល្បែង ដណ្តើមគ្នាអង្គុយលើកៅអីដែលមានភាពវឹកវរ។
អត្តពលិកបានត្អូញត្អែរអំពីកន្លែងស្នាក់នៅមិនល្អ ការរង់ចាំយូរនៅព្រលានយន្តហោះ និងការរង់ចាំយូរដើម្បីឡើងទៅស្នាក់នៅលើនាវាទេសចរណ៍។ សេវាកម្មដឹកជញ្ជូនដែលមានភាពមិនទៀងទាត់ បានធ្វើឲ្យរថយន្តក្រុងដឹកអត្តពលិកទៅកាន់កន្លែងហ្វឹកហាត់ និងទីលានប្រកួតមកដល់យឺត ឬក្នុងករណីខ្លះ មិនមកដល់តែម្តង។
ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ទ្វីបនេះ ដែលមានអត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់ចូលរួម បានជួបប្រទះបញ្ហាជាច្រើនក្នុងអំឡុងសប្តាហ៍ដំបូង ពេញលេញរបស់ខ្លួន។ ក្រុមមួយចំនួន បានបន្តថា មានការខ្វះខាតបន្ទប់ស្នាក់នៅ ហើយក្រុមផ្សេងទៀតបានត្អូញត្អែរអំពីគុណភាព នៃកន្លែងស្នាក់នៅដែលផ្តល់ដោយអ្នករៀបចំ។
មិនមានការសាងសង់ភូមិអត្តពលិកតាមបែបប្រពៃណីនោះទេ ដោយសារវិធានការកាត់បន្ថយការចំណាយ ហើយអ្នកចូលរួមត្រូវស្នាក់នៅក្នុងកន្លែងបណ្តោះអាសន្នដូចជា ផ្ទះតូចៗដែលធ្វើពីកុងតឺន័រ សណ្ឋាគារ និងនាវាទេសចរណ៍ Costa Serena ដែលចតនៅកំពង់ផែ Nagoya។
លោក Chalitrat Chandrubeksa អគ្គលេខាធិការរងនៃគណៈកម្មាធិការអូឡាំពិកជាតិថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីយប់ថ្ងៃពុធថា វានៅតែជាបញ្ហា ចាប់តាំងពីដើមរហូតមកដល់ពេលនេះ។ លោកបានបន្ថែមថា ចំនួនបន្ទប់ មាននៅលើនាវាទេសចរណ៍ និងសណ្ឋាគារ មិនស្របទៅនឹងចំនួនអត្តពលិកជាក់ស្តែងរបស់យើងទេ។ នៅថ្ងៃដែលមានតម្រូវការខ្ពស់បំផុត យើងត្រូវការគ្រែចំនួន ២០១ នៅលើនាវាទេសចរណ៍ ប៉ុន្តែពួកគេផ្តល់ជូនតែ ១៧០ប៉ុណ្ណោះ។
នៅពេលអត្តពលិកមកចុះឈ្មោះចូលស្នាក់នៅ ហើយរកមិនឃើញឈ្មោះរបស់ពួកគេក្នុងបញ្ជី ពួកគេត្រូវតែត្រូវបានដាក់ឲ្យស្នាក់នៅកន្លែងផ្សេង ហើយនៅពេលអត្តពលិកថ្មីមកដល់ អ្នកដែលស្នាក់នៅមុននោះត្រូវតែចាកចេញ ហើយស្វែងរកសណ្ឋាគារផ្សេងទៀត។ វាប្រៀបដូចជាល្បែងដណ្តើមគ្នាអង្គុយលើកៅអីអញ្ចឹង។ អត្តពលិកដែលកំពុងជួបការលំបាកបានបញ្ចេញការមិនពេញចិត្តរបស់ពួកគេតាមរយៈបណ្តាញសង្គម ដោយមានការត្អូញត្អែរអំពីបញ្ហាអាហារមួយចំនួនផងដែរ។
លោក Chalitrat បានបន្ថែមថា យើងកំពុងដោះស្រាយបញ្ហានេះដោយស្វែងរកកន្លែងស្នាក់នៅជំនួសដោយខ្លួនឯង។ យើងត្រូវកក់កន្លែងស្នាក់នៅដោយខ្លួនឯង និងចំណាយប្រាក់ផ្ទាល់ខ្លួនជាមុនសម្រាប់ថ្លៃអាហារ ។ ការខ្វះខាតកន្លែងស្នាក់នៅបានធ្វើឲ្យក្រុមអត្តពលិកថៃត្រូវដាក់បុគ្គលិកមួយចំនួនឱ្យស្នាក់នៅឆ្ងាយពីទីតាំងសំខាន់នៃការប្រកួតនៅក្នុងទីក្រុង Nagoya។
លោក Chalitrat បានបន្តថា ក្រុមគ្រូពេទ្យរបស់យើងត្រូវស្នាក់នៅទីតាំងមួយដែលមានចម្ងាយធ្វើដំណើរប្រហែល ១ ម៉ោងកន្លះពីទីក្រុង Nagoya។ យើងត្រូវជួលយានយន្តបន្ថែមពីទីក្រុងតូក្យូ ដើម្បីឱ្យពួកគេអាចធ្វើដំណើរមកមើលថែទាំអត្តពលិកបាន។ វាពិតជាមានភាពរញ៉េរញ៉ៃណាស់។ យើងគ្រាន់តែសង្ឃឹមថានឹងអាចបំពេញបេសកកម្មនេះឱ្យបានជោគជ័យតាមដែលអាចធ្វើទៅបាន»។ អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកែលម្អសេវាកម្មសម្រាប់អត្តពលិក៕
