បរទេស ៖ ការប្រកួតក្នុងដី លើកដំបូងរបស់លោក Jürgen Klopp ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ចប់ដោយភាពខកចិត្ត បន្ទាប់ពីភ្លាត់ស្នៀតចាញ់ ក្រុមជម្រើសជាតិក្រិក ក្នុងលទ្ធផល ១-០ នាទីក្រុង Augsburg នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២៨ ចែកញ្ញា ឆ្នាំ២០២៦ ។

គ្រាប់បាល់ជ័យជម្នះនេះធ្វើសម្រេច ដោយកីឡាករបម្រុង Dimitrios Kourbelis នៅនាទីទី៧៤ ដែលជាការស៊ុតចំគោលដៅតែម្តងគត់ របស់ក្រិកក្នុងការប្រកួតនេះ ។ បរាជ័យនេះបានធ្វើឱ្យក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត២លើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Nations League ។
គួររំលឹកថា លោក Klopp បានចាប់ផ្តើមការដឹកនាំប្រកួតដំបូងរបស់ខ្លួន ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងហូឡង់កាលពីថ្ងៃព្រហស្បតិ៍ ដោយកីឡាករ Cody Gakpo ដែលជាអតីតកូនសិស្សរបស់លោកនៅ Liverpool ជាអ្នកស៊ុត តាមស្មើឱ្យហូឡង់នៅនាទីចុងក្រោយ។
សម្រាប់ការប្រកួតទល់នឹងក្រិកនេះ លោក Klopp បានធ្វើការផ្លាស់ប្តូរកីឡាករជម្រើសដំបូងចំនួន៥នាក់ ដោយក្នុងនោះមានទាំងការដាក់ ឱ្យកីឡាករចំណូលថ្មី Bambasé Conté របស់ក្លិប Hoffenheim បង្ហាញខ្លួនជាលើកដំបូងផងដែរ។
ថ្វីត្បិតតែអាល្លឺម៉ង់គ្រប់គ្រងបាល់រហូតដល់ ៧៥% និងមានឱកាសស៊ុតចំនួន ១៦ដង (ភាគច្រើនជាការស៊ុតពីចម្ងាយ) ក៏ដោយ ក៏ពួកគេនៅតែមិនអាចទម្លាយតំបន់ការពារដ៏រឹងមាំរបស់ក្រិកបាន។
អាល្លឺម៉ង់មានឱកាសជាច្រើនតាមរយៈកីឡាករ Karim Adeyemi និងការទាត់បាល់ពិន័យ Free-kick របស់ប្រធានក្រុម Joshua Kimmich ដែលត្រូវបានសង្គ្រោះយ៉ាងល្អដោយអ្នកចាំទី Konstantinos Tzolakis របស់ក្រិក។
ទោះបីជាអាល្លឺម៉ង់ព្យាយាមដាក់គំនាបយ៉ាងណាក្តី នៅនាទីទី៧៤ ក្រិកបានធ្វើឱ្យម្ចាស់ផ្ទះភ្ញាក់ផ្អើលតាមរយៈការវាយបកដ៏ល្អ ដោយកីឡាករ Christos Tzolis បានអូសបាល់កាត់ពីស្តាំរួចបញ្ជូនមកឱ្យ Kourbelis ស៊ុតបុកជើង Kimmich ចូលទីតែម្តង។
នៅចុងម៉ោង លោក Klopp បានសម្រេចចិត្តប្តូរកីឡាករដូចជា Serge Gnabry, Anton Stach និង Hennes Behrens ចូលដើម្បីប្រឹងប្រែងតាមស្មើ ប៉ុន្តែនៅតែមិនអាចកែប្រែស្ថានការណ៍បាន ខណៈដែលក្រិកស្ទើរតែរកបានគ្រាប់បាល់ទី២ តាមរយៈកីឡាករ Fotis Ioannidis ថែមទៀតផង។
ទីបំផុតការប្រកួតបានបញ្ចប់ដោយអាល្លឺម៉ង់មិនអាចស្វែងរកគ្រាប់បាល់សូម្បីមួយគ្រាប់ រហូតដល់ចប់ការប្រកួត៕
ប្រែសម្រួល៖ គីរី
