បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិ អៀរឡង់ លោក Heimir Hallgrimsson រួមទាំងកូនក្រុមរបស់លោក កំពុងរងសម្ពាធយ៉ាងខ្លាំង ក្នុងការដកខ្លួនចេញពីការប្រកួតទល់ នឹងអ៊ីស្រាអែលនៅថ្ងៃអាទិត្យ នាប្រទេសហុងគ្រី ដោយសារតែអំពើប្រល័យពូជសាសន៍ ដែលកំពុងបន្តកើតមាននៅប៉ាឡេស្ទីន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៨ ខែកញ្ញានឆ្នាំ២០២៦។
ដើមចមនៃសម្ពាធនេះកើតឡើងស្របពេលនឹងព្រឹត្តិការណ៍របស់តារាចម្រៀង Ed Sheeran ដែលថ្មីៗនេះបានបដិសេធមិនចេញមុខគាំទ្រតារាចម្រៀង Macklemore ក៏ដូចជាមិនគាំទ្រសេរីភាពប៉ាឡេស្ទីន ដែលទង្វើនេះបានធ្វើឱ្យក្រុមសិល្បករកំដរឆាក ក្នុងដំណើរប្រគំតន្ត្រីរបស់លោកធ្លាក់ចូល ក្នុងស្ថានភាពដ៏លំបាក។ ក្នុងនោះ អ្នកដែលពិបាកសម្រេចចិត្តជាងគេគឺលោក Aaron Rowe និងសមាជិកក្រុមតន្ត្រី Folk ឈ្មោះ Beoga ។
បើនិយាយតាមត្រង់ ក្រុមតន្ត្រីនេះមិនសូវមានភាពល្បីល្បាញខ្លាំងនោះទេ សូម្បីតែនៅក្នុងប្រទេសកំណើត (អៀរឡង់) របស់ពួកគេក៏ដោយ។ ហេតុនេះ ពួកគេពិតជាមានអំណរគុណយ៉ាងក្រៃលែង ចំពោះមិត្តភក្តិរបស់ពួកគេ គឺ Ed Sheeran ដែលបានផ្តល់ឱកាសឱ្យពួកគេឡើង សម្តែងនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ក្នុងកីឡដ្ឋាននានានៅសហរដ្ឋអាមេរិក។ ទោះបីជាវាជាឱកាសមាសដែលស្ទើរតែមិនគួរឱ្យជឿ និងជា “សុបិនក្លាយជាការពិត” យ៉ាងណាក្តី ប៉ុន្តែស្ថានភាពជាក់ស្តែងបានបង្ខំឱ្យពួកគេត្រូវតែចាត់វិធានការឆ្លើយតប។
លោក Robert Kraft មហាសេដ្ឋីម្ចាស់កីឡដ្ឋាន Gillette ជាទីដែល Ed Sheeran និងក្រុមសិល្បករគាំទ្ររបស់លោកត្រូវសម្តែងនៅចុងសប្តាហ៍នេះ បានបញ្ជាក់យ៉ាងច្បាស់ថា Macklemore មិនអាចចូលរួមក្នុងកម្មវិធីនេះបានឡើយ។ ឆ្លើយតបនឹងបញ្ហានេះ ក្រុម Beoga បានបញ្ជាក់ថា ការបន្តសម្តែង “នៅក្នុងទីតាំងដែលបំបិទមតិអ្នកតស៊ូមតិទាមទារសេរីភាពប៉ាឡេស្ទីន គឺជាជម្រើសដែលយើងមិនអាចទទួលយកបានជាដាច់ខាត”។
លោក Aaron Rowe បានពន្យល់ថា “ក្នុងនាមជាជនជាតិអៀរឡង់ យើងយល់យ៉ាងច្បាស់ពីការឈឺចាប់នៃការប្រល័យពូជសាសន៍ ការបង្ខំឱ្យអត់ឃ្លាន និងការជិះជាន់ដោយអំពើហិង្សា”។ ដូច្នេះហើយ លោក និងសមាជិកក្រុម Beoga ផ្សេងទៀតបានសម្រេចចិត្តដើរចេញ និងបដិសេធមិនឡើងសម្តែងនោះទេ។
បច្ចុប្បន្ន សំណួរដែលប្រជាជនអៀរឡង់គ្រប់គ្នាកំពុងចោទសួរនោះគឺថា តើនឹងមានសមាជិកណាម្នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិបុរសអៀរឡង់ នឹងយកគំរូតាមសកម្មភាពនេះដែរឬទេ មុនពេលការប្រកួតពានរង្វាន់ Nations League ទល់នឹងក្រុមអ៊ីស្រាអែល។
ប្រែសម្រួល៖ គីរី
