ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាតំណាងលោកកែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងឱកាសពិធី “បើក” សិក្ខាសាលាស្តីពី “ការអភិវឌ្ឍគោលការណ៍ណែនាំអប់រំ កាយប្រកបដោយបរិយាបន្ន” ជាសកម្មភាពដ៏មានសារសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព អប់រំកាយ និងកីឡា ព្រមទាំងធានា ឲ្យសិស្សានុសិស្ស គ្រប់រូបទទួលបាន ឱកាសចូលរួមរៀនសូត្រ និង អនុវត្តសកម្មភាពអប់រំកាយដោយស្មើភាព មិនប្រកាន់ពីភេទ សមត្ថភាព រាងកាយ ស្ថានភាពសង្គម ភូមិសាស្ត្រ ។

ក្នុងពិធីបើកខាងលើនេះនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតក្នុងពហុកីឡដ្ឋានជាតិ រៀបចំដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា អប់រំកាយ និងកីឡា មិនមែនជាសកម្មភាព សម្រាប់តែការធ្វើឲ្យរាងកាយរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃការអប់រំមនុស្សទាំងមូល។ អប់រំកាយបានរួមចំណែកក្នុងការអភិវឌ្ឍសុខភាពរាងកាយ សុខភាពផ្លូវចិត្ត សមត្ថភាពសង្គម វិន័យ ស្មារតីសហការ ភាពអត់ធ្មត់ ការគោរពគ្នា និងជំនាញជីវិតរបស់សិស្សានុសិស្ស។ នៅក្នុងបរិបទនៃការអប់រំសម្រាប់ទាំងអស់គ្នា ការអប់រំកាយ ប្រកបដោយបរិយាបន្ន មានន័យថា សិស្សគ្រប់រូប រួមទាំងសិស្សមានពិការភាព សិស្សដែលមានតម្រូវការ អប់រំពិសេស សិស្សដែលមានសមត្ថភាពរាងកាយខុសៗគ្នា និងសិស្សមកពីស្ថានភាពសង្គម ឬតំបន់ភូមិសាស្ត្រផ្សេងៗ ត្រូវទទួលបានឱកាសចូលរួមក្នុងមេរៀន និងសកម្មភាពកីឡាដោយសុវត្ថិភាព សមធម៌ និងមានអត្ថន័យ។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបន្តថា ការអនុវត្តអប់រំកាយប្រកបដោយបរិយាបន្ន មិនមែនមានន័យថា ឲ្យសិស្សគ្រប់រូបធ្វើលំហាត់ដូចគ្នាទាំងអស់នោះទេ។ ផ្ទុយទៅវិញ គ្រូត្រូវចេះកែសម្រួលសកម្មភាព ឧបករណ៍ ទីលាន ពេលវេលា ច្បាប់ប្រកួត និង វិធីវាយតម្លៃឲ្យសមស្របទៅនឹងសមត្ថភាព និងតម្រូវការរបស់សិស្សម្នាក់ៗ ដើម្បីឲ្យពួក គេអាចចូលរួមបានពេញលេញ និងមានអារម្មណ៍ថា ខ្លួនជាសមាជិកដ៏មានតម្លៃក្នុងថ្នាក់រៀន។ ដូច្នេះ ត្រូវបន្តរៀបចំវគ្គ បណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ ការបង្កើតគ្រូបង្គោល និងបណ្តាញគ្រូអប់រំកាយ ដើម្បីគាំទ្រការអនុវត្ត នៅតាមសាលារៀន ។

លោក ប៉ុន សុខ អគ្គនាយក បានបញ្ជាក់ថា ខ្ញុំសូមលើកទឹកចិត្តដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ សូមចូលរួមពិភាក្សាដោយស្មោះត្រង់ សកម្ម និងស្ថាបនា។ សូមលើកយកបញ្ហាប្រឈមដែលជួបប្រទះនៅតាមសាលារៀន ព្រមទាំងផ្តល់យោបល់អំពីដំណោះស្រាយដែលអាចអនុវត្តបាន ដោយគិតគូរពីបរិបទជាក់ស្តែងរបស់កម្ពុជា ។ លទ្ធផលនៃសិក្ខាសាលានេះ ត្រូតែវបានយកទៅប្រើប្រាស់ជាមូលដ្ឋាន សម្រាប់រៀបចំឯកសារគោលការណ៍ ណែនាំដែលមានភាពច្បាស់លាស់ អាចយល់បានងាយ អាចអនុវត្តបាន និងអាចពិនិត្យតាមដាន វាយតម្លៃ និងកែលម្អជាបន្តបន្ទាប់៕



