ព័ត៌មានជាតិ

ផ្អើលបណ្តាញសង្គម! ក្រុមគ្រួសារអតិថិជនម្នាក់ ទិញពេជ្រអស់ជាង ១លានដុល្លារ ផ្ទុះការតវ៉ាខ្លាំងៗលើហាង «ប្រាសាទពេជ្រ» ក្រោយសុំលក់វិញតែត្រូវហាងពន្យារពេលជាង ៧ខែ

ភ្នំពេញ៖ កំពុងមានការចាប់អារម្មណ៍ និងចែករំលែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយម្ចាស់អាខោនឈ្មោះ “Chhivouch Seng” បានបង្ហោះសាររិះគន់ចំៗ និងទាមទាររកយុត្តិធម៌ពីហាងគ្រឿងអលង្ការដ៏ល្បីឈ្មោះមួយគឺ ហាង «ប្រាសាទពេជ្រ» ពាក់ព័ន្ធនឹងការបដិសេធមិនទទួលទិញគ្រឿងពេជ្រត្រឡប់ទៅវិញតាមការសន្យាក្នុងវិក្កយបត្រ។

យោងតាមការរៀបរាប់របស់ម្ចាស់គណនីខាងលើ បានឱ្យដឹងថា ខ្លួនគឺជាអតិថិជនប្រចាំដែលបានគាំទ្រហាងនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយសរុបទឹកប្រាក់ដែលធ្លាប់បានចំណាយទិញគ្រឿងពេជ្រពីហាងនេះមានចំនួនដល់ទៅជាង ១លានដុល្លារអាមេរិក។

បញ្ហាបានកើតឡើងនៅពេលដែលម្ចាស់រូបនេះ ចង់លក់ត្រឡប់ទៅវិញនូវ «ក្រវិលមួយគូ» (ក្នុងចំណោមគ្រឿងពេជ្រជាច្រើនទៀត) ប៉ុន្តែត្រូវបានខាងហាងព្យាយាមពន្យារពេល និងសុំឱ្យរង់ចាំតាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ខែមេសា ឆ្នាំ២០២៦ ដែលមានរយៈពេលដល់ទៅ ៧ខែទៅហើយ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយជាក់លាក់។

ការរំលោភលើទំនុកចិត្ត និងកិច្ចសន្យាក្នុងវិក្កយបត្រ
នៅក្នុងរូបភាពវិក្កយបត្រដែលបានបង្ហោះជាភស្តុតាង បានបញ្ជាក់យ៉ាងច្បាស់ពីលក្ខខណ្ឌទិញ-លក់ថា៖

  • ដូរម៉ូដ៖ ខាត ៣%
  • លក់វិញ៖ ខាត ៥%

គាត់បានសម្តែងការខកចិត្តយ៉ាងខ្លាំងថា៖ «កុំរកស៊ីបោកប្រាស់ភ្ញៀវអញ្ចឹង គេអាចប្តឹងពីបទ ឆបោកទំនុកចិត្តបានណា»។ អ្វីដែលធ្វើឱ្យអតិថិជនរូបនេះកាន់តែខឹងសម្បារនោះគឺ ខណៈដែលហាងប្រាប់ថាគ្មានលទ្ធភាពទិញចូលវិញ ប៉ុន្តែគ្រួសារម្ចាស់ហាងនៅតែមានជីវភាពហ៊ឺហា និងដើរលេងក្រៅប្រទេសជាធម្មតា។

ក្នុងខ្លឹមសារបង្ហោះនោះដែរ ម្ចាស់គណនីបានទទូចសុំឱ្យម្ចាស់ហាង និងកូនស្រីទាំង ២នាក់ ចេញមកដោះស្រាយឱ្យបានច្បាស់លាស់។ ម្ចាស់ករណីនេះថែមទាំងបានស្នើជម្រើសនៃការ «ដោះដូរជាទ្រព្យសម្បត្តិ» ដូចជា ដី ផ្ទះ ឬរថយន្ត ជំនួសឱ្យសាច់ប្រាក់វិញផងដែរ ប៉ុន្តែនៅតែមិនមានការឯកភាពពីខាងហាង។

បច្ចុប្បន្ន ករណីនេះកំពុងត្រូវបានមហាជនតាមដានយ៉ាងដិតដល់ ព្រោះវាបានប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់គ្រឿងអលង្ការក្នុងប្រទេស។ មហាជនជាច្រើនបានលើកឡើងថា ហាងពេជ្រគួរតែមានការទទួលខុសត្រូវខ្ពស់ចំពោះលក្ខខណ្ឌដែលខ្លួនបានកំណត់ក្នុងវិក្កយបត្រ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តអតិថិជន។

យើងនឹងរង់ចាំមើលការបកស្រាយពីខាងហាង «ប្រាសាទពេជ្រ» ជុំវិញករណីនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងសងខាង។

តាមដានព័ត៌មានសិល្ប: កម្សាន្ត, វិទ្យាសាស្រ្ត, ប្លែកៗ 👉 https://t.me/lookingtodaynews

Most Popular

To Top