ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។
ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24 ចំនួន៣កន្លែងនៅក្នុងខេត្តព្រះសីហនុនេះ ធ្វើឡើងកាលពីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងផ្សារទំនើប Emart24 ផ្សារលើក្រុងព្រះសីហនុ។
អ្នកឧកញ៉ាទៀ វិចិត្រ ដែលជាប្រតិបត្តិករ សាខាផ្សារទំនើប Emart24 ក្នុងខេត្តព្រះសីហនុ បានថ្លែងថា នេះជាការបើកសម្ពោធផ្សារទំនើប Emart24 រួមគ្នាទាំង៣ទីតាំងរួមមាន៖ ទីតាំងទី១នៅផ្សារលើក្រុងព្រះសីហនុ, ទីតាំងទី២ នៅកំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ និងទីតាំងទី៣ នៅទំនប់រលកក្នុងក្រុងព្រះសីហនុ។
អ្នកឧកញ៉ាទៀ វិចិត្រ បានបញ្ជាក់អំពីផលិតផលទំនិញ ដែលនឹងដាក់លក់ជូនអតិថិជន គឺជាផលិតផលនាំមកពី ប្រទេសកូរ៉េខាងត្បូង រួមនិងផលិតផល របស់ប្រទេសកម្ពុជាយើង ក្នុងនោះអ្នកឧកញ៉ាទៀ វិចិត្រ បញ្ជាក់ច្បាស់ថា គ្មានទេផលិតផលរបស់ប្រទេសថៃ នៅក្នុងផ្សារទំនើប Emart24 នេះ៕


















