ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាទីផ្សារដ៏មានសក្តានុពល សម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញក្នុងតំបន់ Cambodia Expo Series 2026 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយប្រមូលផ្តុំ ពិព័រណ៍ពាណិជ្ជកម្ម B2B ឯកទេសចំនួន ៩ នៅក្រោមវេទិកាតែមួយ ដើម្បីជំរុញការស្វែងរកប្រភពផ្គត់ផ្គង់ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការផ្គូផ្គងធុរកិច្ចដោយផ្ទាល់ Cambodia Expo Series 2026 រៀបចំដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) និងទទួលបានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ។

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធ Cambodia Expo Series 2026 ដែលជាព្រឹត្តិការណ៍តាំងពិព័រណ៍ និងម៉ាកផលិតផលជាង ២៥០ មកពីជាង ១៩ ប្រទេស និងតំបន់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។

លោក វីននី ប្រធានគណៈកម្មាធិការរៀបចំ និង នាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៦ នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ និងម៉ាកផលិតផលជាង ២៥០ មកពីជាង ១៩ ប្រទេស និង តំបន់ លើផ្ទៃតាំងពិព័រណ៍ប្រមាណ ៣,៦០០ ម៉ែត្រការ៉េ និងរំពឹងទទួលស្វាគមន៍ ភ្ញៀវពាណិជ្ជកម្មជាង ៥,០០០ នាក់ ។ ជាពិសេស ព្រឹត្តិការណ៍ នឹងមានកម្មវិធីអ្នកទិញ VIP និងកម្មវិធីផ្គូផ្គងធុរកិច្ច ដើម្បីសម្របសម្រួលការ ជួបពិភាក្សាដោយផ្ទាល់ និងប្រកបដោយប្រសិទ្ធភាព រវាងអ្នកតាំងពិព័រណ៍ និងអ្នកទិញដែលមានសក្តានុពល ដោយផ្អែកលើតម្រូវការស្វែងរកផលិតផល និងគោលដៅអាជីវកម្មជាក់លាក់ ។

វេទិកាទីផ្សារអន្តរជាតិសម្រាប់ការតភ្ជាប់ និងពង្រីកអាជីវកម្ម លើសពីការតាំងពិព័រណ៍ Cambodia Expo Series 2026 គឺជាវេទិកាធុរកិច្ច B2B ដ៏សកម្មមួយដែលភ្ជាប់អ្នកផ្គត់ផ្គង់អន្តរជាតិ សហគ្រាសក្នុងស្រុក និងអ្នកជំនាញក្នុងវិស័យនានា ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្ម។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីកម្ពុជា និងទីផ្សារអន្តរជាតិជាច្រើន រួមមាន បង់ក្លាដែស សាធារណរដ្ឋឆែក ចិន បារាំង អាល្លឺម៉ង់ តំបន់រដ្ឋបាលពិសេសហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី តៃវ៉ាន់ តួកគី សហរដ្ឋអាមេរិក និង វៀតណាម ដោយនាំមកនូវផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយចម្រុះ សម្រាប់វិស័យសេដ្ឋកិច្ច ដែលកំពុងមានសក្តានុពលនៅកម្ពុជា ។

លោកប្រធានគណៈកម្មាធិការរៀបចំ បានបន្ថែមថា វត្តមានរបស់ក្រុមហ៊ុនឈានមុខ ពីវិស័យផ្សេងៗទាំងនេះ បង្ហាញពីការកើនឡើង នៃភាពទាក់ទាញរបស់ទីផ្សារកម្ពុជា និងឱកាសកាន់តែទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ។ ចំណុចលេចធ្លោមួយទៀតរបស់ Cambodia Expo Series 2026 គឺ តំបន់ស្វែងរកប្រភពផលិតផលខ្មែរ ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពលេចធ្លោរបស់ផលិតផលកម្ពុជា អ្នកផ្គត់ផ្គង់ក្នុងស្រុក និងម៉ាកផលិតផលខ្មែរ ។ តំបន់នេះ នឹងផ្តល់ឱកាសដល់អ្នកទិញពាណិជ្ជកម្ម អ្នកចែកចាយ អ្នកនាំចូល និងដៃគូអន្តរជាតិ ក្នុងការស្វែងយល់អំពីផលិតផលក្នុងស្រុក ភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់ជាមួយសហគ្រាសកម្ពុជា និងស្វែងរកឱកាសសហការលើការផ្គត់ផ្គង់ និងការចែកចាយផលិតផល។

តាមរយៈការដាក់បង្ហាញ ផលិតផលកម្ពុជា រួមជាមួយបច្ចេកវិទ្យា និងដំណោះស្រាយអន្តរជាតិ Khmer Product Sourcing Zones មានគោលបំណង ពង្រឹងការតភ្ជាប់ រវាងសហគ្រាសក្នុងស្រុក និងទីផ្សារក្នុងតំបន់ ព្រមទាំងលើកកម្ពស់សមត្ថភាពផលិត និងសក្តានុពលផ្គត់ផ្គង់របស់កម្ពុជា ។ ក្នុងអំឡុងពេល Cambodia Expo Series 2026 កម្មវិធីសិក្ខាសាលាតាមវិស័យ នឹងប្រមូលផ្តុំអ្នកជំនាញ សមាគមវិជ្ជាជីវៈ តំណាងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីចែករំលែកព័ត៌មានទីផ្សារ បច្ចុប្បន្នភាពបច្ចេកវិទ្យា និងដំណោះស្រាយជាក់ស្តែង សម្រាប់វិស័យសំខាន់ៗ។ ស៊េរីពិព័រណ៍ Agri-Livestock-Aqua Fisheries នឹងផ្តោតលើការពិភាក្សា អំពីការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងខ្សែច្រវាក់តម្លៃរវាងកម្ពុជា និងទីផ្សារអន្តរជាតិ ។

ប្រធានបទសំខាន់ៗរួមមាន៖ «ពីកសិដ្ឋានទៅកាន់ទីផ្សារ៖ ការកសាងខ្សែច្រវាក់តម្លៃកសិកម្ម និងបសុសត្វប្រកបដោយភាពប្រកួតប្រជែង និងចីរភាព», «ការជំរុញការអភិវឌ្ឍជី និងការប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាពនៅវៀតណាម និងកម្ពុជា», «កិច្ចសន្ទនារវាងសមាគមវៀតណាម-កម្ពុជា» និង «កិច្ចសន្ទនារវាងសមាគមកម្ពុជា-មីយ៉ាន់ម៉ា-វៀតណាម» នឹងពិភាក្សាអំពីឱកាសពាណិជ្ជកម្ម និងវិនិយោគ កសិកម្មឆ្លាតវៃ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។

កម្មវិធីក៏នឹងមានកិច្ចពិភាក្សាពិសេសក្រោមប្រធានបទ «ទំនើបកម្មកសិកម្ម និងការពង្រឹងខ្សែច្រវាក់តម្លៃ៖ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងភាពប្រកួតប្រជែងទីផ្សារនៅកម្ពុជា» រៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយប្រមូលផ្តុំផ្គុំភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរទស្សនៈ អំពីការអភិវឌ្ឍវិស័យកសិកម្ម បសុសត្វ និងវារីវប្បកម្ម របស់កម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏នឹងទទួលស្វាគមន៍ គណៈប្រតិភូកសិករដែលរៀបចំជាក្រុមមកពី ខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលជាតំបន់កសិកម្មសំខាន់ពីររបស់កម្ពុជា៕






