ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានទ័ពពិសេស ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានទ័ពពិសេសក្នុងខេត្តព្រះវិហារ ដោយក្នុងឱកាសនេះដែរ បាននាំយកនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនបងប្អូននាយទាហាន និង ពលទាហាន ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការបំពេញភារកិច្ចការពារ ជាតិឱ្យបានកាន់តែល្អប្រសើរ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវការសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះវីរភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់ របស់កងទ័ពក្នុងការការពារបូរណភាពទឹកដី និងសន្តិសុខជាតិនៅជួរមុខ។ បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត បន្តចូលរួមចំណែកគាំទ្រឱ្យអស់ពីលទ្ធភាព និងគ្រប់រូបភាព ដើម្បីលើកកម្ពស់សុខុមាលភាពកងទ័ព និង គ្រួសារកងទ័ពនៅជួរមុខ ជាពិសេសធានាថាកូនចៅ របស់វីរកងទ័ពទទួលបានឱកាសសិក្សារៀនសូត្របានគ្រប់ៗគ្នា និងមានអនាគតភ្លឺស្វាង ដោយបានរំលេចថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមព្រំដែន ព្រមទាំងជំរុញឱ្យអាជ្ញាធរដែនដី និងមន្ទីរអប់រំ ខិតខំពង្រីកសាលារៀន និងលើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែប្រសើរឡើង ជាពិសេសបានពង្រីកការ អនុវត្តកម្មវិធីអាហារូបករណ៍ និងផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផល ក្នុងសហគមន៍ផងដែរ។

ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងបញ្ចប់សង្គ្រាមនៅព្រំដែន ប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ។

តាងនាមក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញ និងផ្ដល់កម្លាំងចិត្តដល់ នាយទាហាន និងពលទាហានទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាពផ្ទៃក្នុង និងស្មារតីស្នេហាជាតិ ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែនៅក្បែរ និងនៅជាមួយបងប្អូនកងទ័ព ជានិច្ចគ្រប់កាលៈទេសៈ ហើយក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែបន្តចុះជួយគាំទ្រ និងឆ្លើយតបនូវរាល់តម្រូវការ ចាំបាច់របស់បងប្អូនកងទ័ពឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែកពង្រឹងខឿន ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

Most Popular

To Top