កីឡា

កំពូល​អង្គរក្ស​ Ronaldo មក​ពី​ទាហាន​កង​ពិសេស​ទាំង​២រូប​នេះ​ កំពុង​ត្រូវ​បាន​ប៉ូលិស​ស៊ើប​អង្កេត​ រឿង​​ខុស​ច្បាប់​ការងារ​

បង​ប្អូន​ភ្លោះ​២រូប​គឺ​លោក​ Sergio Ramalheiro និង​ Jorge Ramalheiro ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ កំពូល​អង្គរក្ស​ ​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ចាប់​តាំង​ពី​កីឡាករ​រូប​នេះ​ផ្លាស់​មក​កាន់​ក្លឹប​ Manchester United មក​ កំពុង​ត្រូវ​អង្គភាព​ប៉ូលិស​នៅ​ប្រទេស​ព័រទុយហ្គាល់​ ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ពួក​គេ​ទាំង​ពីរ​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ការងារ​របស់​អង្គភាព​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Observador ។​

លោក​ Sergio និង​ Jorge ត្រូវ​បាន​គេ​ស្គាល់​ថា​ មាន​ប្រវត្តិ​ការងារ​ធ្លាប់​ជា​ទាហាន​ស្ថិត​ក្នុង​កង​ពិសេស​ និង​ធ្លាប់​បញ្ជូន​ទៅ​សមរភូមិ​​ប្រទេស​អាហ្វហ្គានីស្ថាន​។ លុះ​ក្រោយ​មក​ គេ​ក៏​បាន​មក​បម្រើ​ការ​ងារ​ជា​ប៉ូលិស​ក្នុង​​កង​សន្តិសុខ​ជាន់​ខ្ពស់​ ការពារ​សេដ្ឋី​ និង​អ្នក​ធំ​ នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​។

បើ​តាម​ប្រភព​ដដែល​នេះ​ បង​ប្អូន​ភ្លោះ​ទាំង​២រូប​នេះ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​អង្គភាព​ តែ​ពួក​គេ​បែរ​ជា​ឃើញ​មុខ​មក​ធ្វើ​ការងារ​ជា​កង​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​ Ronaldo ដោយ​មិន​បាន​សុំ​ច្បាប់​ការងារ​ពី​អង្គភាព​របស់​ពួក​គេ​មក​ធ្វើ​ការ​ឲ្យ​កីឡាករ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​។

ប្រសិន​ជា​គេ​រក​ឃើញ​ថា​ ពួក​គេ​មក​ធ្វើ​ការងារ​ឲ្យ​ Ronaldo ដោយ​មិន​បាន​សុំ​ច្បាប់​ពី​អង្គភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ នោះ​ពួក​គេ​អាច​នឹង​មាន​ទោស​ទាន់​នៅ​ពេល​ត្រលប់​ទៅ​កាន់​ព័រទុយហ្គាល់​ ព្រោះ​នៅ​ប្រទេស​ព័រទុយហ្គាល់​នេះ​ ប៉ូលិស​នៅ​ក្នុង​កង​អង្គរក្ស​ត្រូវ​សុំ​សិទ្ធ​ធ្វើ​ការងារ​ពី​អង្គភាព​ ទោះ​ជា​ខ្លួន​សុំ​ច្បាប់​ឈប់​សម្រាក​ពី​អង្គភាព​ និង​ធ្វើ​ការងារ​​ជា​អ្នក​ការពារ​នៅ​កន្លែង​ផ្សេង​ក៏​ដោយ​។

បើ​តាមច្បាប់​នេះ​ ចំពោះ​អ្នក​ជួល​អង្គរក្ស​ ដែល​គ្មាន​ការ​អនុញ្ញាត​ពី​អង្គភាព​បែប​នេះ​ ក៏​ត្រូវ​មាន​ទោស​ផង​ដែរ​​ តែ​យ៉ាង​ណា​ចំពោះ​ Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​ មិន​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​​រឿង​ខុស​ច្បាប់​អ្វី​នេះ​ឡើយ​៕

ប្រភព៖sabay

Most Popular

To Top