ភ្នំពេញ៖ ជឿថាមានអ្នកគាំទ្រតារាចម្រៀង គូម៉ា ស្ទើទាំងអស់ច្បាស់ ជាបានដឹងរួចមកហើយថា គូម៉ា និងតារាសម្ដែងស្រីស្រស់សោភា ម៉ៅ គឹមធីតា បើគិតមកទល់ពេលបច្ចុប្បន្ននេះ បានសាងស្នេហ៍ជាមួយគ្នា រយៈពេលជិត៥ឆ្នាំហើយ ប៉ុន្តែគេទាំងពីរនាក់ នៅមិនទាន់បង្ហាញ ពីគម្រោងរៀបការនៅឡើយ ។
ជាការពិតណាស់ម្ចាស់បទ “ចាំមើលថ្ងៃលិចមុនពេលបែកគ្នា” ខាងលើ និងតារាស្រី ម៉ៅ គឹមធីតា បានបង្ហាញជាសាធារណៈថាគេទាំងពីរនាក់បានស្រឡាញ់គ្នា ក៏ដូចជាតែងតែបង្ហាញ ពីសកម្មភាពផ្អែមល្ហែម រវាងគ្នាទៅវិញទៅមក លើបណ្ដាញសង្គមផងដែរ ដែលមើលទៅ ពិតជាពោពេញទៅដោយសុភមង្គលបំផុត ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រចង់ឃើញនោះ គឺគេទាំងពីរសង្ឃឹមថា នឹងមានដំណឹងល្អ អំពីអាពាហ៍ពិពាហ៍ឆាប់ៗ ព្រោះថា បើគិតមកដល់ពេលនេះ មានរយៈពេលជិត ៥ឆ្នាំហើយដែលស្ថិតក្រោមឈ្មោះជាសង្សា ។
ទោះជាមានឈ្មោះជាសង្សារ យ៉ាងណាក៏ដោយ ក៏គេមើលឃើញតា គូម៉ា និងស្រីស្អាត ម៉ៅ គឹមធីតា នៅតែបង្ហាញពីសេចក្ដីស្នេហាយ៉ាងរឹងម៉ាំ ហើយនៅក្នុងឱកាស ខួបកំណើតមិត្តស្រីនេះ លោក គូម៉ា ថែមទាំងបានជូនពរថា សូមឱ្យសេចក្ដីស្រឡាញ់ របស់ពួកគេកាន់តែរឹងម៉ាំថែមទៀត ។
នៅក្នុងសារជូនពរខួបកំណើតសង្សារសំណព្វចិត្ត ម៉ៅ គឹមធីតា នៅលើបណ្ដាញសង្គម ជាមួយភាសាអូនបងយ៉ាងរ៉ូមែនទិចបំផុត លោក គូម៉ា បានរៀបរាប់ថា ៖ «រីករាយថ្ងៃកំណើតណាអូនសម្លាញ់ បងសូមជូនពរឱ្យមានសុខភាពល្អ មានសម្រស់កាន់តែស្រស់ស្អាត មានប្រាជ្ញាឈ្លាសវៃ សូមអូនជួបតែមនុស្សល្អៗ ជួបតែរឿងល្អៗក្នុងជីវិត ប្រាថ្នាអ្វីបានដូចសេចក្ដីបំណង លុយចូលឱ្យច្រើនៗ និងសូមឱ្យក្ដីស្រឡាញ់ របស់ពួកយើងនៅតែស្រស់បំព្រងរហូតទៅ ហើយយើងនឹងកាន់ដៃគ្នាដើរ ទៅកាន់ឱ្យដល់គោលដៅ ដែលពួកយើងស្រម៉ៃ I love u my love happy birthday huni»។
សូមបញ្ជាក់ថា ចំណងស្នេហារវាង តារាចម្រៀង គូម៉ា និងតារាសម្ដែងក្រមិចក្រមើម ម៉ៅ គឹមធីតា បានផ្ដើមឡើងក្រោមរូបភាព ជាមិត្តភក្ដិបន្ទាប់ពី ម៉ៅ គឹមធីតា បានចែកផ្លូវ ជាមួយលោក ហង្ស សម្បើម ស័ក្កិ ។ ប៉ុន្តែបើទោះជា គូម៉ា និង ម៉ៅ គឹមធីតា ខំបិទបាំងភ្នែកមហាជនយ៉ាងណា ក៏មិនជិតដែរ ទើបក្រោយមកពួកគេ ក៏បានសារភាពថា ពិតជាស្រឡាញ់គ្នាប្រាកដមែន ហើយចំណងស្នេហ៍នេះ ក៏បានអូសបន្លាយ រហូតដល់បច្ចុប្បន្ន៕ ដោយ៖ ម៉ានី