ភ្នំពេញ៖ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃជាប់ចំណាត់ថ្នាក់ជើងឯករង ខណៈក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯក ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ដែលមានក្លិបកីឡាតេក្វាន់ដូ “ITF” មានកីឡាករ-កីឡាការិនី មកពី១៨ក្លិបនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញរៀបចំដោយ សហព័ន្ធកីឡាតេក្វាន់ដូ “ITF” កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម បំពាក់មេដាយ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនី ពីសំណាក់លោក កែវ រ៉េមី អនុសហព័ន្ធកីឡាតេក្វាន់ដូ ITFអន្តរជាតិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
សម្រាប់លទ្ធផលក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយ១២គ្រឿង មេដាយមាស ៥គ្រឿង ប្រាក់២ និងសំរិទ្ធ៤ ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយ១១គ្រឿង មេដាយមាស៦គ្រឿង និង ប្រាក់៦ ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក ខេត្តកំពង់ស្ពឺ ឈ្នះមេដាយ៦គ្រឿង មេដាយមាស ៣គ្រឿង ប្រាក់២ និងសំរិទ្ធ១ ក្លិបកីឡាតេក្វាន់ដូ ITF ថ្មីសរខេត្តកោះកុង ឈ្នះមេដាយ៤គ្រឿង មេដាយមាស ៣គ្រឿង និងសំរិទ្ធ១ ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក១ ខេត្តកំពង់ស្ពឺ ឈ្នះមេដាយ៦គ្រឿង មេដាយមាស ២គ្រឿង ប្រាក់១ និងសំរិទ្ធ៣ និងក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ឈ្នះមេដាយ១០គ្រឿង មេដាយមាស១គ្រឿង ប្រាក់៤ និងសំរិទ្ធ៥។
ចំណែកក្លិបកីឡាតេក្វាន់ដូ ITF អគ្គស្នងការនគរបាលជាតិឈ្នះមេដាយ១០គ្រឿង មេដាយមាស ១គ្រឿង ប្រាក់៣ និងសំរិទ្ធ៦ ក្លិបកីឡាតេក្វាន់ដូ ITF ពន្លឺយុវជនខេត្តកំពង់ស្ពឺ ឈ្នះមេដាយ៥គ្រឿង មេដាយមាស ១គ្រឿង និងសំរិទ្ធ៤ និងក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិអេបផល ខេត្តបន្ទាយមានជ័យ ឈ្នះមេដាយ៥គ្រឿង មេដាយមាស ១គ្រឿង និងសំរិទ្ធ៤។
លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាតេក្វាន់ដូ ITFកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ ប្រព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ដោយ មានកីឡាករ-កីឡាការិនីចំនួន ១៣២ ក្នុងនោះកីឡាការិនីចំនួន៤៦នាក់ កីឡាករចំនួន៨៦ មកពី១៨ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ប៊ួនហ៊ីង សុធីយ៉ា បន្ថែមទៀតថា ការប្រកួតឆ្នាំនេះមាន២៣វិញ្ញាសា បែងចែកជា៣វិញ្ញាសាធំៗ រួមមានវិញ្ញាសាមេគុនមានចំនួន៧ វិញ្ញាសាបច្ចេកទេសពិសេស ចំនួន១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជន មាន១៥ប្រភេទទម្ងន់៕