ព្រឹត្តិការណ៍

សម្ដេច​សីហនុ ឡើង​សោយរាជ្យ​​ ក្នុង​ព្រះជន្ម​ក្មេង​ជាង​គេ​ និង​ចាស់​ជាង​គេ ​នៃ​ប្រវត្តិសាស្ត្រ ​សម័យ​ទំនើប​កម្ពុជា

សម្ដេច​ព្រះនរោត្ដម​ សីហនុ ព្រះ​បរមរតនកោតនកោដ្ឋ ជា​ព្រះមហាក្សត្រ​ខ្មែរ​ ដែល​ឡើង​សោយរាជ្យ ​ក្នុង​ព្រះជន្ម​ក្មេង​ជាងគេ និង​ចាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​កម្ពុជា (គិត​ចាប់​ពី​សម័យ​អាណានិគម​បារាំង​មក) ។

ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​លើក​ទី១ កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ១៩៤១ នា​ឯ​រាជធានីភ្នំពេញ អំឡុង​ពេល​ពិភពលោក ​កំពុង​ឆាបឆេះ​ដោយ​សង្គ្រាម​លោក​លើក​ទី២ ។ កាល​នោះ​ព្រះអង្គ​ទើប​តែ​មាន​ព្រះជន្ម​ ១៨ ឬ ១៩ព្រះ​វស្សា​តែ​ប៉ុណ្ណោះ ។ ក្នុង​ព្រះជន្ម​មិន​ដល់​ ២០វស្សា ធ្វើ​ឲ្យ​ទ្រង់​ជា​ព្រះមហាក្សត្រ​ ដែល​ឡើង​សោយរាជ្យ​ក្នុង​ព្រះជន្ម​ក្មេង​ជាង​គេ​ នៃ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​កម្ពុជា ។

ព្រះអង្គ​ក៏​ជា​ស្ដេច​ ដែល​ឡើង​គ្រង​រាជ្យ​ក្នុង​ព្រះជន្ម​ចាស់​ជាង​គេ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ដោយ​ទ្រង់​សោយរាជ្យ​ជា​លើក​ទី២ នៅ​ឆ្នាំ១៩៩៣ ក្នុង​ព្រះជន្ម​ ៧១វស្សា។

គិត​ចាប់​ពី​សម័យ​អាណាព្យាបាល/ អាណានិគម​បារាំង កម្ពុជា​មាន​ព្រះមហាក្សត្រ ៦អង្គ​។

សម្ដេច​ព្រះ​នរោត្ដម ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ១៨៦០ ក្នុង​ព្រះជន្ម ២៦វស្សា។

សម្ដេច​ព្រះ​ស៊ីសុវត្ថិ ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ១៩០៤ ក្នុង​ព្រះជន្ម ៦៤វស្សា។

សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស​គ្រង​រាជ្យ​នៅ​ឆ្នាំ១៩២៧ ក្នុង​ព្រះជន្ម ៥២វស្សា។

សម្ដេច​ព្រះនរោត្ដម សីហនុ​គ្រង​រាជ្យ​នៅ​ឆ្នាំ១៩៤១ ក្នុង​ព្រះជន្ម ១៩វស្សា នា​លើក​ទី១ និង​លើក​ទី២ ក្នុង​ឆ្នាំ១៩៩៣ ក្នុង​ព្រះជន្ម ៧១វស្សា

សម្ដេច​ព្រះនរោត្ដម សុរាម្រឹត​គ្រង​រាជ្យ​នៅ​ឆ្នាំ១៩៥៥ ក្នុង​ព្រះជន្ម ៥៩វស្សា។

សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី​គ្រង​រាជ្យ​នៅ​ឆ្នាំ២០០៤ ក្នុង​ព្រះជន្ម ៥១វស្សា៕

Most Popular

To Top